រដ្ឋមន្ត្រីក្រសួងអប់រំទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនេះផ្ដោតសំខាន់លើការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការត្រៀមរៀបចំទិវាខួបលើកទី៧៥ នៃទំនាក់ទំនងនិងសមាជិកភាពរបស់កម្ពុជាក្នុងអង្គការយូណេស្កូ និងការរៀបចំកម្មវិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គនាយកអង្គការយូណេស្កូមកកាន់កម្ពុជានាពេលខាងមុខ។

 

ក្នុងឱកាសនេះ លោកប្រធានអង្គការយូណេស្កូ បានបង្ហាញសេចក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការយូណេស្កូ ដែលមានរយៈពេលជាង ៧៥ ឆ្នាំមកនេះ និងបានលើកឡើងថា អង្គការយូណេស្កូ បាននិងកំពុងសហការជាមួយក្រសួងយ៉ាងសកម្មលើការធ្វើបច្ចុប្បន្នភាពគោលនយោបាយគ្រូបង្រៀន ដើម្បីដាក់បង្ហាញផ្លូវការនាឱកាសទិវាគ្រូបង្រៀន ព្រមទាំងការគាំទ្រដំណាក់កាលអនុវត្តក្របខ័ណ្ឌសមត្ថភាពបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (ICT/AI) សម្រាប់គ្រូបង្រៀន និង EdTech។ ជាមួយគ្នានេះ យូណេស្កូបានបន្តគាំទ្រការវាយតម្លៃការសិក្សារបស់សិស្សថ្នាក់បឋមសិក្សាក្រោមកម្មវិធី STEPCam ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន (BEEP) ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយយុវជនបោះបង់ការសិក្សាឱ្យទទួលបានវិញ្ញាបនបត្រ ព្រមទាំងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រផងដែរ។ បន្ថែមលើនេះ លោកប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គនាយកអង្គការយូណេស្កូនាពេលខាងមុខ ដោយយូណេស្កូប្រចាំកម្ពុជាមានបំណងរៀបចំសកម្មភាពពិសេសៗ ដើម្បីរំលេចពីសមិទ្ធផលអប់រំ និងចុះទស្សនកិច្ចសាលារៀនគោលដៅ ព្រមទាំងបើកចំហទទួលយកសំណើ និងអនុសាសន៍ផ្សេងៗពីក្រសួងផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ និងអង្គការយូណេស្កូ លើកិច្ចការអប់រំជាច្រើននាពេលកន្លងមក ជាពិសេសលើការងារកំណែទម្រង់គ្រូបង្រៀន ដែលជាកម្មវិធីស្នូល និងជាអាទិភាពដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងនឹងរៀបចំរបាយការណ៍សរុបស្ដីពីកំណែទម្រង់គ្រូបង្រៀនដែលគ្របដណ្ដប់លើគ្រប់ទិដ្ឋភាព រួមមាន គោលនយោបាយគ្រូបង្រៀន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ដើម្បីបង្ហាញក្នុងឱកាសទិវាគ្រូបង្រៀន និងជាផ្នែកមួយនៃការប្រារព្ធខួប ៧៥ ឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីលទ្ធផលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ជាពិសេសកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលសមាមាត្រសិស្សពូកែខាងផ្នែកអានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងបានកើនឡើងជាច្រើនផងដែរ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំពិព័រណ៍ និងរបាយការណ៍ពិសេសស្ដីពីការប្រើប្រាស់ AI វិធីសាស្ត្របង្រៀនថ្មីៗ និងសមិទ្ធផលនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានជាតិអប់រំ (NIE) វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ដើម្បីឱ្យគណៈប្រតិភូរបស់លោកអគ្គនាយកយូណេស្កូ បានទស្សនាផ្ទាល់នូវគម្រោងរបស់គរុសិស្ស-គរុនិស្សិត និងធ្វើអន្តរកម្មជាមួយគ្រូបង្រៀន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកអំពីក្របខ័ណ្ឌកំណែទម្រង់សាលារៀននៅកម្ពុជាដែលមាន ៣ កម្រិត គឺសាលារៀនជំនាន់ថ្មី សាលារៀនគំរូ និងសាលារៀនធម្មតា ដោយសង្ឃឹមជឿជាក់ថា ការរៀបចំទិវាខួបលើកទី៧៥ និងដំណើរទស្សនកិច្ចរបស់លោកអគ្គនាយកយូណេស្កូ នឹងក្លាយជាឱកាសដ៏មានអត្ថន័យក្នុងការរំលេចនូវសមិទ្ធផលរួមគ្នារវាងកម្ពុជា និងយូណេស្កូ លើការធ្វើកំណែទម្រង់វិស័យអប់រំ និងការកសាងធនធានមនុស្សដ៏មានតម្លៃសម្រាប់អនាគត។នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា៕

        
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២