ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១១ អាណត្តិទី៤ ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)ឬ ACU បានបញ្ចប់ការជ្រើសរើសអ្នកស្ម័គ្រចិត្តបានជាង ៤ពាន់នាក់ ដើម្បីចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ស្របតាមកម្មវិធីការងាររបស់អង្គភាពប្រឆាំងអំពើរពុករលួយក្នុងការដឹកនាំការងារសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤១៥០នាក់ និងផ្តើមការងារសង្កេតការណ៍ ដែលចូលរួមដោយក្រុមការងារផ្ទាល់ពីដំណាក់កាលបោះពុម្ព ប្រធានវិញ្ញាសា និងវេចខ្ចប់ប្រធានវិញ្ញាសាដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ។
គួរជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយបានវាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវពង្រឹងជាលំដាប់ ធានាបានការប្រឡងមួយ ដែលតម្លាភាព យុត្តិធម៌ តាមស្មារតី “អ្នកចេះគឺជាប់” ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៥១ ២៣៨នាក់ ក្នុងនោះស្រីមានចំនួន ៨៤ ៧៣៥នាក់។ ចំនួនបេក្ខជនប្រឡងសរុប កើនឡើងជាង ៣ ០០០នាក់ បើធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៣៧ ៤៤៥នាក់ ស្មើនឹង៣០ភាគរយ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង៧០ភាគរយ។
ដោយឡែក សម្រាប់ដំណើរកាលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានគ្រោងមណ្ឌលប្រឡងសរុបចំនួន ២៤៤ មណ្ឌល ត្រូវជា ៦,២០៧ បន្ទប់ នៅទូទាំងប្រទេស ហើយត្រូវបានបែងចែកជាពីរថ្នាក់ចម្បង រួមមានថ្នាក់វិទ្យាសាស្ត្រមានចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់ ។
ក្រៅពីនេះអង្គភាពប្រឆាំងអពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែកក្កដានេះ សរុបចំនួន ៥៧ពាក្យប្ដឹង ។
បើតាមសេចក្តីប្រកាសព័ត៌មាន មន្ដ្រីចំនួន ១៣៧ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៥៩ រូប, មន្រ្តី ចំនួន ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៧៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍ ។
អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៨៦គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ២៩អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ ជាន់ថ្នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិការ ៕

ដោយ៖ វិកគី

