លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ “ពេលនេះឪពុកម្តាយរបស់អ្នកបើកឡានអវតា 11 បានសហការប្រគល់កូនជូនសមត្ថកិច្ច នៃស្នងការរាជធានីភ្នំពេញហើយ”។



គួររំលឹកផងដែរថា ស្ត្រីអ្នកបើករថយន្តអវតា 11 បានបើករថយន្តរបស់ខ្លួនបុកម៉ូតូមួយគ្រឿងបានបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ រថយន្តបង្ក ម៉ាក AVATAR 11 ពាក់ស្លាកលេខកម្ពុជា V.C.8989 ។ ក្រោយការបង្កហេតុ នារីជាអ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀត បាននាំគ្នាឡើងជិះម៉ូតូផាស់អាប់ចេញពីកន្លែងកើតហេតុបាត់។
នារីជាអ្នកបើកបររថយន្ដបង្កនោះមានឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ចំណែកជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ៕

ដោយ៖ ឧត្តម

