ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូដឹកគុយទាវយកទៅឱ្យអតិថិជន ហើយឆ្លងផ្លូវដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវ បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CC-1323 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូង និងបានឆ្លងកាត់ផ្លូវបំបែកជាបួន។ខណៈពេលរថយន្តឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែយុវជនរងគ្រោះជិះម៉ូតូម៉ាក Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7278 ធ្វើដំណើរចេញពីផ្លូវលេខ១៣៨ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងរថយន្តយ៉ាងពេញទំហឹង ធ្វើឲ្យយុវជនរងគ្រោះបានដួលបោកក្បាលទៅនឹងផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកម្ចាស់រថយន្តបានបើកទ្វារចេញពីរថយន្ត រួចរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយកម៉ូតូ ព្រមទាំងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

