ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះមានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសចំនួន ១០១នាក់ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅគឺកើនឡើងចំនួន ១៤ករណី ក្នុងនោះស្លាប់កើនឡើងចំនួន ១៦នាក់ និងរបួសកើនឡើងចំនួន ៧១នាក់។

បើតាមក្រសួងមហាផ្ទៃដដែលបានឱ្យដឹងថា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៤ករណី មានអ្នកស្លាប់ចំនួន ១២នាក់ និងអ្នករបួសចំនួន ២៣នាក់។ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០ករណី មានអ្នកស្លាប់ចំនួន ៦នាក់ និងអ្នករងរបួសចំនួន ៥១នាក់។ ដោយឡែកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦វិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ករណី មានអ្នកស្លាប់ចំនួន ៨នាក់ និងអ្នករងរបួសចំនួន ២៧នាក់។
បើគិតចាប់ពីបិណ្ឌ១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌធំរយៈពេល១៥ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១៤៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៦នាក់ និងអ្នករងរបួសចំនួន ២៥៨នាក់។ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅមានការកើនឡើងចំនួន ២៦ករណី អ្នកស្លាប់កើនឡើងចំនួន ៦នាក់ និងអ្នករងរបួសកើនឡើងចំនួន ១០២នាក់។

ទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា តាមការសង្កេតឃើញថា នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងតែមានការកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិតែងតែមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាល
មកពីការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអាទិភាពជាដើម។
ហើយក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តវិធានការមួយចំនួន រួមមាន៖ ១.កុំបើកបរលើសល្បឿនកំណត់, ២.កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន,៣.ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ, ៤.ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក, ៥.ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់, ៦.ត្រូវត្រួតពិនិត្យនូវលក្ខណៈបច្ចេកទេសយានយន្តមុនចេញដំណើរដូចជា សំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូតជាដើម, ៧.សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូលជាដើម៕

ដោយ៖ វិចិត្រ

