ពិតជាឃោរឃៅមែន! ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីចិត្តអប្រិយ កាប់ប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម

ខេត្តពោធិ៍សាត់ ៖ ពិតជាឃោរឃៅមែន ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីចិត្តអប្រិយ បានយកពូថៅកាប់ប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់។

លោកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ហេតុការណ៍ កាប់សម្លាប់ប្រពន្ធខ្លួនយ៉ាងសាហាវនេះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល១១នឹង០០នាទីយប់ ស្ថិតនៅក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ហើយបានរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី០១ ខែមិថុនា នេះ។

តាមការរៀបរាប់របស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះស៊ុម ចាន់នី អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់មីហឹរ នៅផ្សារភួពុយ បានឲ្យដឹងថា រយៈពេលកន្លងមក អ្នកទាំងពីរបានធ្វើពិធីភ្ជាប់ពាក្យ មានចាស់ទុំដឹងលឺ តាំងពីឆ្នាំ២០១៨មកម្លេះ មិនទាន់បានរៀបការទេ ក៏ចេះតែរស់នៅជាមួយគ្នារហូតមក ប៉ុន្តែប្តីរបស់ជនរងគ្រោះ តែងតែប្រច័ណ្ឌប្រពន្ធ រករឿងប្រពន្ធថាមានប្រុសថ្មី។ លុះដល់យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រហែលជាម៉ោង១១នឹង០០នាទី ជនដៃដល់ដែលជាឃាតករមានឈ្មោះ ឡូញ សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាអ្នកបើកឡានដឹកទំនិញ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានយកពូថៅ កាប់សម្លាប់ប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យប្រពន្ធខ្លួនស្លាប់នៅនឹងកន្លែង ដោយគ្មាននរណាបានដឹងឡើយ រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩និង២៩នាទី ទើបបានដឹងថា ប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា បុរសជាឃាតករមានប្រពន្ធពីរ៖ -ប្រពន្ធទី១ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ -ប្រពន្ធទី២ (ស្រ្តីរងគ្រោះខាងលើ) ត្រូវជាប្អូនបង្កើតរបស់ខ្លួន។ ហើយកន្លងមកជននេះ តែងតែចេញចូលទៅមក ម្តងទៅផ្ទះប្រពន្ធទី១ ម្តងមកផ្ទះប្រពន្ធទី២ តែងតែរករឿងដោយសារភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២