ចេញពីគុកមកវិញ មិនរាងចាល បែរជាជក់ថ្នាំខ្លាំងជាងមុន និងវាយបំផ្លាញទ្រព្យសម្បត្តិ ថែមទៀត ត្រូវអាវុធហត្ថ ចាប់ចូលគុកវិញ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ២លើក ករណី លក់ថ្នាំញៀន និង លួចរថយន្ត ចេញពីគុកមកវិញ នៅតែបន្តជក់ថ្នាំខ្លាំងជាងមុន ហើយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទី ថែមទៀត ដោយសារទ្រាំងនិងអំពើពាលរបស់កូនមិនបាន ម្តាយនៃជនសង្ស័យក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថអោយចាប់ខ្លួនកូនដើម្បីកសាងសំណុំរឿងបញ្ជូនទៅដាក់គុកវិញ។

អ្នកស្រី មូល ខៀវ អាយុ៦៨ឆ្នាំរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅដាក់ពាក្យប្តឹងអាវុធហត្ថឲ្យធ្វើអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានហើយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះទៅឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោងវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងជើងរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យមានឈ្មោះ សុវណ្ណ ថា អាយុ២៩ឆ្នាំ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកបានឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២