ម្នាក់អោយគេឆាបហៅប្តី ម្នាក់ទៀតអោយគឹឆាបហៅសង្សារ ត្រូវគ្រូមន្តអាគមន បោកបានជា៦០លាន ជនរងគ្រោះប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់

ខេត្តពោធិ៍សាត់ ៖ គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើ ចំនួន០៣នាក់ ម្តាយនិងកូន ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ កាលពីថ្ងៃទី ១៣ខែមិថុនា ឆ្នាំ២០២១ ចាប់ឃាត់ខ្លួន ពីបទឆបោកស្រ្តីរងគ្រោះ២នាក់អស់ប្រាក់សរុប ៦៧.៦២៣.៨០០រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកវិញ និងថ្លៃធ្វើពិធីឆាបហៅសង្សារជនរងគ្រោះ ដែលបានបែកចិត្តឲ្យត្រឡប់មកវិញ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចយើងទទួលបាន ពាក្យបណ្ដឹង ពីជនរងគ្រោះចំនួន២នាក់ ប្ដឹងពីបទឆបោកនិងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ បង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់ ម្តាយ កូន និងកូនប្រសា មានឈ្មោះដូចជា៖ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២-ឈ្មោះ វង់ បឿ ហៅ បឿក ភេទប្រុស អាយុ ៣១ឆ្នាំ (ត្រូវជាកូនប្រសា) ជាគ្រូមន្តអាគមដោះអំពើមើលជម្ងឺ និងទី៣- ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះ យកមកធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបី មកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើ បានឆបោក និងកំហែងយកប្រាក់ ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២.០៦៨.៨០០រៀល (សែសិបពីលានប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបីរយរៀល) ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកវិញ ចំណែកឯជនរងគ្រោះទី២ ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥.៥៥៥.០០០រៀល (ម្ភៃប្រាំលានហាសិបប្រាំម៉ឺនប្រាំពាន់រៀល) ថ្លៃធ្វើពិធីឆាបហៅសង្សារជនរងគ្រោះដែលបានបែកចិត្តឲ្យត្រឡប់មកវិញ។ ចំពោះការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះ ធ្វើការវេរប្រាក់ឲ្យពួកខ្លួនតាមវីងវេរលុយ ជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យ តាមការកំណត់ទេ គំរាមថានឹងធ្វើអំពើ ឲ្យសមាជិកក្នុងក្រុមគ្រួសារ របស់ជនរងគ្រោះស្លាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២