ខ្សែប្រយុទ្ធវ័យក្មេង របស់ភ្នំពេញក្រោន បង្ហាញចំណាប់អារម្មណ៍ ក្រោយមកពីបារ៉ែន

ភ្នំពេញ ៖ កីឡាករខ្សែប្រយុទ្ធក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាគោព្រៃវ័យក្មេងរបស់ជម្រើសជាតិកម្ពុជាពេលនេះកំពុងតែធ្វើចត្តាឡីស័កជាមួយរៀមច្បងនិងមិត្តរួមក្រុមនៅឯខេត្តកំពង់ឆ្នាំងតាំងពីថ្ងៃទី១៣ មិថុនាកន្លងទៅថ្មីៗនេះ បន្ទាប់ពីត្រឡប់មកដល់ទឹកដីកម្ពុជាវិញក្រោយចូលរួមការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកក្នុងពូលC នៅប្រទេសបារ៉ែន ខែ្សរប្រយុទ្ធរូបនេះបានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជា និងបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ាក់ នៅប្រទេសបារ៉ែនធ្វើឲ្យមហាជនមានការសរសើរមិនដាច់ពីម៉ាត់។

លឹម ពិសុទ្ធបានបញ្ចាក់ប្រាប់សារពត័មានថោនថា ៖ “កាលដែលខ្លួនបានជាប់ជម្រើសជាតិឈុតធំលើកដំបូងមានអារម្មណ៍ថាប្លែកព្រោះខ្លួនមិនដែលបានលេងជាមួយគ្នាពីមុនមក ជាពិសេសសម្រាប់ការហ្វឹកហាត់ជាមួយគ្នាក៏បានតិចមែនទែន មិនដូចជាការដែលខ្លួនធ្លាប់បានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំមានពេលហ្វឹកហាត់ជុំគ្នាច្រើន និងបានត្រៀមខ្លួនទុកជាមុនច្រើន។ កីឡាករវ័យក្មេងរូបនេះក៏បានបន្តទៀតថា សម្រាប់រូបគេផ្ទាល់នៅមានចំណុចខ្វះខាតខាងកាយសម្បទារនិងកម្លាំង ខ្លួននឹងខិតខំព្យាយាមហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពកាយសម្បទារបន្ថែមដើម្បីឲ្យក្លាយទៅជាកីឡាករអាជីពមួយរូបដែលពេញលក្ខណៈដើម្បីជួយក្រុមឲ្យបានល្អជាងនេះបន្ថែមទៀត”។

ម្យ៉ាងវិញទៀតដោយយោងទៅតាមប្រសាសន៍ផ្ទាល់របស់របស់លោកស៊ុម វណ្ណាអតីតគ្រូបង្វឹកក្រុមឈុតធំរបស់ភ្នំពេញក្រោនដែលសព្វថ្ងៃនេះជានាយកបច្ចេកទេសរបស់ក្លឹប លោកបានឡើកឡើងថា ៖ “កីឡាករលឹម ពិសុទ្ធជាកីឡាករមួយរូបដែលខិតខំប្រឹងប្រែងមានវិន័យល្អ លោកក៏ធ្លាប់បានទុកចិត្តដាក់អោយលេងជាមួយក្រុមឈុតធំក្នុងកំឡុងឆ្នាំ២០២០ ត្រឹម១៥ទៅ២០នាទីតែសង្កេតឃើញមានចំនុចល្អច្រើនរហូតដល់អភិវឌ្ឍន័ដល់បច្ចុប្បន្ន រូបលោកក៏បានបន្ថែមថាបើលឹម ពិសុទ្ធនៅបន្តខិតខំ និងរក្សារវិន័យបានល្អបែបនេះបន្ថែមទៀតគេនឹងក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនៅថ្ងៃអនាគត“។

សូមបញ្ជាក់ថា លឹម ពិសុទ្ធ គឺបានចូលហាត់បាល់ទាត់ជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន តាំងពីឆ្នាំ២០១៣ ដែលកាលនោះរូបគេទើបតែមានអាយុ ១២ឆ្នាំប៉ុន្នោះក្រោយមកក៏វិវត្តន៍ខ្លួនឡើងក្រុមឈុតធំកាលពីឆ្នាំ២០១៧ ចូលរួមហ្វឹកហាត់រហូតដល់បានចូលលេងជាផ្លូវការជាមួយក្រុមឈុតធំរបស់ភ្នំពេញក្រោនក្នុងឆ្នាំ២០១៩។

ខ្សែប្រយុទ្ធរូបនេះធ្លាប់បានជាប់ជម្រើសជាតិចំនួនបួនលើកមករួចហើយគឺជម្រើសជាតិអាយុក្រោម១៣ឆ្នាំ ជម្រើសជាតិអាយុក្រោម១៤ ជម្រើសជាតិអាយុក្រោម១៩ និងចុងក្រោយគឺបានចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំនៅប្រទេសកាតាហើយបានលេង៩០នាទីពេញជាមួយនឹងក្រុមថែមទៀតផង។

ខ្សែប្រយុទ្ធរូបនេះជាកីឡាករមួយរូបដែល បានតស៊ូ និងខិតខំប្រឹងប្រែងខ្លាំង រហូតមានឱកាសជាប់ក្រុមជម្រើសជាតិយុវជនស្ទើរគ្រប់កម្រិតហើយរស់នៅឃ្លៀតឆ្ងាយពីម្ដាយ តាំងពីវ័យ ១៣ឆ្នាំ សព្វថ្ងៃប្រកបអាជីពបាល់ទាត់ផង និងនៅបន្តការសិក្សាមិនបោះបង់ចោលការសិក្សារទោះបីខ្លូនរវល់ខ្លាំងប៉ុន្នាក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២