ខេត្តបន្ទាយមានជ័យ ៖ ស្រាថ្នាំ តាំង គួយ ចំនួន ២.៣១៣យួរ ស្មើ ២៧.៧៥៦ដប ត្រូវបាន មន្ត្រីសាខានៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ បានធ្វើការបំផ្លាញចោល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ដែរថា ៖ ស្រាថ្នាំ តាំង គួយ បានបណ្តាលឱ្យមនុស្សពុលស្លាប់ចំនួន ៧នាក់ (ជនជាតិថៃចំនួន ០១នាក់) ដែលក្នុងស្រាថ្នាំនេះមានសារធាតុមេតាណុលកំរិតខ្ពស់ដល់ ១៤% (អនុលោម <០.២%) (របាយការណ៍សុខាភិបាល) ហើយផលិតផលស្រាថ្នាំ តាំង គួយ នេះដែរ ល្មើសនឹង ច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ត្រង់មាត្រា១៨ ជំពូកទី ៤ ចែងថា៖ ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញត្តិនៃក្រសួងពាក់ព័ន្ធ ហើយត្រូវទទួលទោសក្នុងមាត្រា៦៣ នៃច្បាប់ដដែលចែងថា៖ ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១៦ ១៧ ១៨ និង ២១ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ដល់ ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល ឬ ទោសណាមួយនៃទោសទាំងពីរ៕


