កីឡាការិនីស្នូកឃ័រ ឆ្នើមរបស់កម្ពុជា បានគ្រងតំណែងជើងឯក Blue One Resort LPBA Championship លើកដំបូង

ភ្នំពេញៈ កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ដណ្ដើមបានជើងឯក Blue One Resort LPBA Championship លើកដំបូង ក្រោយវាយបកឈ្នះម្ចាស់ផ្ទះកូរ៉េ ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោកស្រីបានអោយដឹងថា “ ការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ហើយការប្រកួតនេះ មានភាពតានតឹង និងជាការប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួតផ្សេងៗនៅកូរ៉េ ដ្បិតកីឡាការិនីចូលរួម ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងសុទ្ធតែជាជើងខ្លាំង ទាំងកីឡាការិនីក្នុងស្រុក និងក្រៅស្រុក ដោយក្រុមហ៊ុនដែលបានចុះឈ្មោះចូលរួម។ នៅក្នុងការប្រកួតនេះផងដែលគឺមានសមាសភាព កីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក”។

គួររំលឹកថាលោកស្រីស្រួង ភាវី ធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិជាច្រើនសម័យ នៅសាធារណរដ្ឋកូរ៉េ មុននឹងដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship លើប្រភេទកីឡាដ៏ពេញនិយមនៅកូរ៉េមួយនេះ ។ជាមួយការដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ ហើយវាគឺជាកាដូថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា រួមទាំងអ្នកគាំទ្ររបស់លោកស្រីនៅប្រទេសកូរ៉េផងដែរ៕

ប្រភពៈ CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២