ឈ្នះទៀតហើយ! អបអរសាទរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូ ជើងឯកថ្នាក់ជាតិ សហរដ្ឋអាមេរិក ឆ្នាំ២០២១

ភ្នំពេញ ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០២១ (American National IBJJF Jiu-Jitsu Championship 2021)។

ក្រោយកីឡាការនីខាន់ ចេសា បានប្រកួតលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ ដោយនាងបានចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនយកឈ្នះគូប្រកួត ក្នុងលទ្ធផល ៧-០ពិន្ទុ ដើម្បីបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ។ ឈានដល់វគ្គកាត់សេចក្ដី កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក ដដែលនេះ ធ្វើបានកាន់តែល្អ ដោយបានផ្ដួលគូប្រកួតជាមួយការប្រើបច្ចេកទេសពិសេសស្នៀតកាច់ក្លេ រហូតត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង។

បើតាមការឱ្យដឹងរបស់CAMSOC នៅថ្ងៃទី២៧ មិថុនាម្សិលមិញ កីឡាការនី ខាន់ ចេសា ក្រោយដណ្តើមបានជ័យជំនះក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០២១ គឺនាងទន្ទឹងរង់ចាំការធ្វើដំណើរមកកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ នេះ។

សូមជម្រាបថាការប្រកួតដ៏ធំប្រចាំឆ្នាំនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនានេះ នៅទីក្រុង Las Vegas ដោយមានអត្តពលិកចូលរួមប្រមាណជាង ៤,០០០នាក់ និងប្រកួតលើវិញ្ញាសាជាច្រើន។

ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕

ប្រភពៈ CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២