ហែម ស៊ីម៉ៃ៖ “ខ្ញុំនៅតែសង្ឃឹមថា នឹងមានឱកាសបានលេង នៅក្នុងការប្រកួតណាមួយនៅក្របខណ្ឌលីគកំពូល”

ភ្នំពេញ ៖ អតីតកីឡាករធ្លាប់ប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំកាលពីឆ្នាំ២០១៩ ហើយក៏បានសម្រេចចិត្តចូលប្រឡូកជាមួយវិស័យបាល់ទាត់ម្តងទៀតក្រោយត្រូវបានថ្នាក់ដឹកនាំនឹងគ្រូបង្វឹកនៃក្លឹបបាល់ទាត់វិសាខាបានផ្តល់ឱកាសនិងទំនុកចិត្តឲ្យក្លាយជាកីឡាករអ្នកចាំទីរបស់ក្រុមឈុតធំវិសាខា។

ថ្លែងប្រាប់ថោនក្នុងបទសម្ភាសន៍តាមរយះទូរស័ព្ទថា “ ចំពោះរូបខ្ញុំសព្វថ្ងៃនេះនៅតែសង្ឃឹមថានឹងបានលេងក្នុងការប្រកួតណាមួយនៅក្របខណ្ឌលីគកំពូលកម្ពុជា ហើយកាលវិលត្រឡប់មកក្នុងវិស័យបាល់ទាត់នេះមិនមែនក្នុងនាមជាកីឡាករទាំងស្រុងនោះទេ សម្រាប់កាលវិលត្រឡប់នេះតួនាទីរបស់ខ្ញុំជាគ្រូជំនួយអ្នកចាំទីផងព្រមទាំងជាកីឡាករផងដោយសារតែកន្លងមកនៅពេលហ្វឹកហាត់សិស្សហើយមានកីឡាកររបួសរឺមានភារកិច្ចខ្វះមនុស្សរូបខ្ញុំក៏ចូលហ្វឹកហាត់ជំនួសនៅពេលនោះគ្រូសម្លឹងមើលឃើញសមត្ថភាពខ្ញុំអាចនៅចាប់បាល់បានក៏សម្រេចចិត្តផ្តល់ឱកាសអោយខ្ញុំត្រឡប់មកលេងវិញម្តងទៀតក្នុងនាមអ្នកចាំទីដៃទី៣នៅក្នុងក្រុម”។

លោកបន្ថែមទៀតថា “កាលវិលត្រឡប់មកវិញលើកនេះវាមានការលំបាកច្រើនទាក់ទងជាមួយការប្រមូលអារម្មណ័លើទីលានដោយសាតែវ័យនិងឃ្លាតឆ្ងាយពីការហ្វឹកហាត់ក្នុងនាមជាកីឡាកររយះពេលយូរ ជាពិសេសរបៀបនៅក្នុងការលេងមានលក្ខណៈនិងបច្ចេកទេសខុសគ្នាច្រើន នៅពេលដែលចូលហ្វឹកហាត់ដំបូងៗមានការលំបាកខ្លាំងទម្រាំហាត់យល់ចិត្តជាមួយកីឡាករដទៃតែបច្ចុប្បន្ននេះគឺបានប្រសើរច្រើន”។ កីឡាករវ័យ៣៤ឆ្នាំរូបនេះក៏ជិតនឹងបានបង្ហាញខ្លួននៅក្នុងការប្រកួតលីគខាប់កន្លងមកដែរប៉ុន្តែដោយសារតែបញ្ហានៃជម្ងឺកូវីដ១៩ទើបធ្វើឱ្យបាត់បង់ឱកាស ប៉ុន្តែរូបលោកថានឹងខិតខំព្យាយាមបន្ថែមសម្រាប់ការហ្វឹកហាត់ បំពេញបន្ថែមចំណុចខ្វះខាតដើម្បីត្រៀមខ្លួនជាមុននៅពេលមានឱកាសបង្ហាញសមត្ថភាពជាថ្មីម្តងទៀត។

សូមរំលឹកថាក្រោយការចូលនិវត្តន៍កីឡាករហែម ស៊ីម៉ៃ បានក្លាយជាគ្រូបង្វឹករបស់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំវិសាខា ។ ដោយឡែកសម្រាប់អាជីពបាល់ទាត់របស់កីឡាកររូបនេះវិញកាលពីឆ្នាំ២០០៧ដល់២០១៣រូបគេធ្លាប់បានចូលរួមជាមួយក្រុមបៀលប្រាយយូណាយធីត ២០១៣លេងឱ្យក្រុមគិរីវង្សសុខសែនជ័យបាន៦ខែក៏បានផ្ទេរមកភ្នំពេញលេងអោយក្រុមអាស៊ីអឺរ៉ុបយូណាយធីត ហើយឆ្នាំ២០១៥ជាកីឡាកររបស់ត្រាយអាស៊ីភ្នំពេញដែលសព្វថ្ងៃនេះត្រូវបានស្គាល់ថាជាអង្គរថៃហ្ពឺរ រហូតដល់រដូវកាល២០២១បច្ចុប្បន្ននេះក្លាយជាកីឡាករមួយរូបទៀតរបស់ក្លឹបបាល់ទាត់វិសាខា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២