គិតត្រឹម៦ខែក្នុងឆ្នាំនេះ មនុស្សជិត៦០នាក់ បានស្លាប់ដោយឃាតករធម្មជាតិរន្ទះបាញ់ រងរបួសជាង៤០នាក់ និងងាប់គោក្របីជាង៣០ក្បាល

ភ្នំពេញ៖ គិតត្រឹម៦ខែក្នុងឆ្នាំនេះ មនុស្សជិត៦០នាក់ បានស្លាប់ដោយឃាតករធម្មជាតិរន្ទះបាញ់ រងរបួសជាង៤០នាក់ និងងាប់គោក្របីជាង៣០ក្បាល។

យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីខែមករារហូតមកដល់ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៧០លើក ខូចខាតផ្ទះ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ រងរបួស៤៤នាក់ និងងាប់គោក្របីចំនួន៣២ក្បាល។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះខេត្តបាត់ដំបង មានស្លាប់ច្រើនជាងគេចំនួន១៤នាក់ ខេត្តកំពង់ធំ ៨នាក់ ខេត្តត្បូងឃ្មុំ ៥នាក់ បន្ទាយមានជ័យ ៤នាក់ ព្រៃវែង ៤នាក់ កំពង់ឆ្នាំង៤នាក់ សៀមរាប៣នាក់ ពោធិ៍សាត់ ៣នាក់ កំពង់ចាម ២នាក់ ក្រចេះ ២នាក់ មណ្ឌលគីរី ២នាក់ កំពត់ ២នាក់ កណ្តាល ២នាក់ ស្វាយរៀង ១នាក់ កំពង់ស្ពឺ ១នាក់ ព្រះវិហារ ១នាក់ និងឧត្តរមានជ័យ ១នាក់។

រីឯក្រសួងសុខាភិបាលតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋនូវវិធីមួយចំនួនដើម្បីការពារខ្លួនពីបាតុភូតរន្ទះបាញ់នេះដូចជា នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀក ត្រូវរត់ចេញពីទឹក ឬស្រែ នៅខាងក្នុង ឬរត់ចូលផ្ទះជាប្រញាប់ ត្រូវដកឌុយដោតភ្លើង ឬឌុយទូរសព្ទដោយទុកចំងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី និងត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិទត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។

ជាមួយគ្នានេះដែរមិនត្រូវនិយាយទូរសព្ទនៅពេលឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់នៅពេលមេឃភ្លៀង ឬអង្គុយក្នុងតង់ និងអង្គុយនៅក្រោមដើមឈើឡើយ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។

ចំពោះវិធីសង្គ្រោះបឋមនៅពេលមានគ្រោះរន្ទះវិញ ក្រសួងបានណែនាំឱ្យប្រជពលរដ្ឋត្រូវផ្លុំខ្យល់ចូលមាត់ និងមាត់ជាមួយជនរងគ្រោះក្នុងករណីជនរងគ្រោះមិនដកដង្ហើម និងសង្កត់ដៃទាំងពីរលើសន្ទះទ្រូងក្នុងករណីជនរងគ្រោះគ្មានជីពចរត្រូវក្រាលកន្ទេលកុំឱ្យជនរងគ្រោះនៅផ្ទាល់ដី ឬទឹកជ្រាំ ការពារដើម្បីកុំឱ្យជនរងគ្រោះរងភាពត្រជាក់ខ្លួនពេក និងចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នក្នុងករណីជនរងគ្រោះមានបាក់ឆ្អឹង ឬហូរឈាម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២