ភ្នំពេញ ៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាបក្រោយបានយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជារដូវកាល២០២១ នៅថ្ងៃអង្គារ ទី០៦ ខែកក្កដាកន្លងទៅនេះ ធ្វេីឲ្យខ្លួននៅបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី៦ដដែល។
ក្នុងការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy បានទាត់បញ្ចូលទីបានល្អសម្រាប់ក្រុមម្ចាស់ផ្ទះ ពីការបញ្ជូនដោយខ្សែការពារ សុខ សំណាង ក្នុងនាទីទី៥។ ៥នាទីក្រោយមក អង្គរថាយហ្គឺរតាមស្មើវិញ ពេលខ្សែបម្រើ ឡុង ម៉េងហាវ លើកបាល់ជ្រុង ហើយខ្សែការពារ តាំង ពិសី លោតទាត់យ៉ាងអស្ចារ្យផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់។
ចូលដល់វគ្គទី២ ក្រុមទាំង២មានឱកាសល្អៗដូចគ្នា។ ប៉ុន្តែការទាត់បញ្ចូលទីពី ឡុង ម៉េងហាវ ក្នុងនាទី៧០ ធ្វើឲ្យអង្គរថាយហ្គឺរ នាំមុខ១ទល់នឹង២ ហើយលទ្ធផលនេះក៏បន្តរហូតដល់ចប់៩០នាទី។
គិតមកទល់នេះ អង្គរថាយហ្គឺរនៅតែមិនទាន់ចាញ់ពីការប្រកួត៦លើក ដោយឈ្នះ៥ និងស្មើ១ មាន១៦ពិន្ទុ បន្តឈរកំពូលតារាង៕


