អតីតកីឡាករភ្នំពេញក្រោន ក្លាយជាគ្រូបង្វឹក របស់ក្លឹបបាល់ទាត់ សូទីឡូអង្គរ

ភ្នំពេញ ៖ ក្លិបបាល់ទាត់សូលទីឡូអង្គរបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដាតែងតាំងលោក អ៊ុក សុធី ជាគ្រូបង្គោលថ្មីជំនួសលោក Darren Pomroy ដែលបានចាកចេញពីតំណែងកាលសប្ដាហ៍មុន។

ដោយឡែកសម្រាប់សុពលភាពរបស់គ្រូបង្គោលថ្មី លោក អ៊ុក សុធី នៅសូលទីឡូអង្គរ គឺដល់ដាច់រដូវកាល២០២១។ ប៉ុន្តែលោកថា អាចនឹងមានការបន្ថែមកិច្ចសន្យាឬយ៉ាងណា អាស្រ័យទៅលើលទ្ធផលជាក់ស្ដែង។

លោក អ៊ុក សុធី ធ្លាប់ជាកីឡាករនៅភ្នំពេញក្រោនពីរដូវកាល២០១២ ដល់ចប់រដូវកាល២០១៩ ពោលលោកលេងតែនៅក្លិបមួយនេះប៉ុណ្ណោះ។ លោកក៏ធ្លាប់ជាប់ជាកីឡាករជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ២០១៤ដល់២០១៧។ ក្រោយចូលនិវត្តន៍នៅដំណាច់រដូវកាល២០១៩ អតីតខ្សែបម្រើដែលកាន់វិញ្ញាបនបត្រគ្រូបង្វឹកកម្រិត B ត្រូវបានភ្នំពេញក្រោនតែងតាំងជាអ្នកសម្របសម្រួលលើការងារក្រុមថ្នាលយុវជន។

ក្នុងខែឧសភា ឆ្នាំ២០២១ លោក អ៊ុក សុធី ត្រូវបានតែងតាំងជាគ្រូជំនួយមួយរូបក្នុងក្រុមការងារគ្រូបង្វឹកជម្រើសជាតិកម្ពុជាទៅចូលរួមការប្រកួតជម្រុះ FIFA World Cup 2022 កាលខែមិថុនា នៅប្រទេសបារ៉ែន។ លោកថា មិនទាន់សម្រេចយ៉ាងណាបន្តទៀតទេជុំវិញការងារក្នុងក្រុមជម្រើសជាតិ ដោយលោកផ្ដោតលើការងារនៅសូលទីឡូអង្គរសិន។

គួររំឭកថា ក្រោយប្រលូកក្នុងការប្រកួត Cambodian League 2 រដូវកាល២០១៧រួចមក សូលទីឡូអង្គរបានឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League ក្នុងរដូវកាល២០១៨។ រយៈពេល២រដូវកាលនោះ (២០១៧ និង២០១៨) ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមានលោក Yuki Matsuda ជាគ្រូបង្គោល មុនជ្រើសរើសលោក Darren Pomroy ក្នុងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២០ សូលទីឡូអង្គរបានតែងតាំងលោក អ៊ុក សារ៉េត ជាគ្រូបង្គោល អមដោយអតីតខ្សែការពារ Kento Fujihara ជាក្រុមការងារគ្រូបង្វឹក៕

ប្រភពៈCNCC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២