កីឡាករវ័យក្មេងឡេង ណូរ៉ា ធ្វើការធ្ងន់បន្ថែមរ៉ូលជាខ្សែប្រយុទ្ធ

ភ្នំពេញៈ ឆ្លងកាត់ការប្រកួតចំនួន៥ប្រកួតចុងក្រោយក្នុងក្របខណ្ឌ លីគកំពូលកម្ពុជាឆ្នាំ2021 ខ្សែការពារព្រៃវែងអេហ្វស៊ី ឡេង ណូរ៉ា ត្រូវបាន គ្រូបង្គោល Thongchai Rungreangleas ដាក់ឲ្យលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ។ គេថា នេះជាបទពិសោធថ្មីមួយទៀតដែលអាចជួយឲ្យគេអភិវឌ្ឍខ្លួន និងអាចលេងបានកាន់តែច្រើនតំណែង។
កីឡាករកូនកាត់ខ្មែរហ្គាណារូបនេះក៏ធ្លាប់បានលេងការពារ កាលនៅយុវជនវិសាខាពេលដំបូងៗក្រោយមកក៏ត្រូវបានគ្រូដាក់ឲ្យលេងប្រយុទ្ធ រហូតមកពេលចូលរួមជាមួយព្រៃវែង គ្រូដាក់ការពារវិញ ប៉ុន្តែបច្ចុប្បន្នរូបគេក៏ត្រូវគ្រូដាក់ឱ្យលេងប្រយុទ្ធម្ដងទៀត។
យោងតាមយុវជនដែលនឹងឈានដល់វ័យ១៧ឆ្នាំក្នុងខែវិច្ឆិកាខាងមុខប្រាប់ថា មិនមែនតែ៥ប្រកួតចុងក្រោយនេះទេដែលគ្រូបង្គោលផ្ដល់ឱកាសឲ្យលេងនៅតំបន់ប្រយុទ្ធ ដោយប្រកួតខ្លះ គេក៏បានប្ដូរទៅទីតាំងខាងលើដែរ នៅពេលខ្សែប្រយុទ្ធត្រូវបានផ្លាស់ប្ដូរចេញ។
ក្នុងរដូវកាល២០២១ ឡេង ណូរ៉ា ដែលជាអតីតយុវជនថ្នាលរបស់វិសាខា រកបានមួយគ្រាប់ពេលប៉ះសូលទីឡូអង្គរ។ គេត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកោះហៅក្នុងចំណោមកីឡាករព្រៃវែងអេហ្វស៊ី៤នាក់ទៅប្រកួតជម្រុះ FIFA World Cup 2022 កាលខែមិថុនា នៅប្រទេសបារ៉ែន។ ណូរ៉ា ក៏បានក្លាយជាកីឡាករក្មេងជាងគេដែលបានចូលលេងក្នុងក្រុមធំជម្រើសជាតិ កម្ពុជា បន្ទាប់ពីប្ដូរចូលជំនួសម្ចាស់កំណត់ត្រាចាស់ សៀង ចន្ធា ក្នុងវគ្គទី២ ពេលប្រកួតតទល់ជម្រើសជាតិអ៊ីរ៉ាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២