ចាប់បានហើយ! កងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់កប៉ាល់ដែលលួចប្រេងជិត៣០ម៉ឺនបារ៉ែល ចេញពីកម្ពុជា នោះហើយ

ហ្សាហ្គាតា ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន France24 កាលពីថ្ងៃទី២៥ ខែសីហា បានអោយដឹងថា កងទ័ពជើងទឹកឥណ្ឌូនេស៊ី បញ្ជាក់ឱ្យថាខ្លួនបានរឹបអូស និងចាប់បនហើយ កប៉ាល់ដែលលួចដឹកយកប្រេងឆៅ មួយគ្រឿងសរុបជិត៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា កាលពីអំឡុងដើមខែសីហានោះហើយ។

តាមការរាយការណ៍ពីមន្ត្រីយោធាឥណ្ឌូណេស៊ី ថា បន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីប្រកាសពណ៌ក្រហមក្នុងការជួយអន្តរាគមន៍តាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលរងការចោទពីបទលួចប្រេងឆៅរបស់កម្ពុជា កប៉ាល់ដឹកប្រេងនោះ ត្រូវបានឃាត់នៅក្បែរកោះស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅលើកប៉ាល់ដឹកប្រេងមានដាក់ ឈ្មោះ MT Strovolos និងដោតទង់ជាតិបាហាម៉ា។

សូមបញ្ជាក់ផងដែរថា ថា ក្រុមនាវិកនៅលើកប៉ាល់ មានជនជាតិឥណ្ឌា១៣នាក់ ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។ ពួកគេកំពុងត្រូវបានសួរចម្លើយ ដោយកងទ័ពជើងទឹកឥណ្ឌូណេស៊ី។ កប៉ាល់ដឹកប្រេងនោះ បានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam និងបានបិទប្រព័ន្ធបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ហើយចតដោយខុសច្បាប់នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៊ី។

គួររំលឹកថា កប៉ាល់ដឹកប្រេងខាងលើនេះ គឺសម្រាប់ផ្ទុកប្រេងបូមបានដោយក្រុមហ៊ុនសិង្ហបុរី KrisEnergy សហការជាមួយកម្ពុជា ជុំវិញគម្រោងបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A តំបន់អប្សរា។ បន្ទាប់ពីក្រុមហ៊ុន KrisEnergy កាលពីខែមិថុនា ឆ្នាំ២០២១ បានប្រកាសក្ស័យធន ដោយមិនអាចសងបំណុល ហើយត្រូវបានអះអាងថាក្រុមហ៊ុននេះ នៅជំពាក់ប្រាក់ក្រុមនាវិករបស់កប៉ាល់ MT Strovolos ស្រាប់តែកប៉ាល់ដែលត្រូវបានជួលដោយក្រុមហ៊ុនរុករកប្រេងសិង្ហបុរីមួយនេះ លួចដឹកចេញប្រេងដែលបូមបានប្រមាណជិត៣០ម៉ឺនបារ៉ែល។

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា ឧស្សាហកម្មប្រេង និងឧស្ម័នលើកដំបូងរបស់កម្ពុជា ប្រហែលជាបរាជ័យហើយ ដោយសារតែបរិមាណនៃការទាញយកប្រេងឆៅ មានកម្រិតតិចតួច ខុសការរំពឹងទុក ហើយក្រុមហ៊ុនវិនិយោគបានប្រកាសក្ស័យធនផងដែរ។ តាមការវាយតម្លៃ ការបូមប្រេងឆៅនៅអណ្តូងទាំង៥ តំបន់អប្សរា ប្លុក A រំពឹងថាក្នុង១ថ្ងៃបូមបាន៧០០០បារ៉ែល តែទីបំផុត ១ថ្ងៃបានតែ១ពាន់បារ៉ែលប៉ុណ្ណោះ។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា៖ “យើងបានដាក់ពាក្យបណ្តឹងទៅកាន់ភាគីឥណ្ឌូនេស៊ីរួចហើយ តាមរយៈក្រសួងការបរទេសរបស់យើង ឥឡូវនេះភាគីឥណ្ឌូនេស៊ីកំពុងចាត់ការ”។

តំណក់ប្រេងដំបូងរបស់កម្ពុជា ទាញបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលបានប្រកាសជាប្រវត្តិសាស្ត្រ ប៉ុន្តែបានបរាជ័យ ដោយសារការបូមប្រេង បានតិចជាងការរំពឹងទុក។ បញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុនបូមប្រេងមួយនេះ ជាប់បំណុល និងដោយមិនអាចស្តារបំណុលបាននោះទេ។ ក្រោយក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធុន ទាំងជំពាក់បំណុល ម្ចាស់បំណុលបានលួចដឹកប្រេងចេញទៅដល់សមុទ្ររបស់ថៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២