រាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន GCG Asia Co., LTD ដែលបានផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិកដោយមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវនេះបើតាមសេចក្តីថ្លែងការណ៍រួម ធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការរដ្ឋាននគរបាលជាតិ ចុះផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងទៀតថាចំពោះក្រុមហ៊ុន GCG Asia Co., LTD ដែលបានផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិកមានដូចជា៖ KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិកប្រហាក់ប្រហែលយ់ាងសកម្មនៅក្នុងប្រទេសកម្ពុជា។
យោងតាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា បានបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List ។
ក្នុងសេចក្តីស្លែងការណ៍រួមក៏បានបញ្ជាក់ពីសកម្មភាពក្រុមហ៊ុន GCG Asia Co., LTD បានបង្កហានិភ័យធ្ងន់ធ្ងរដល់សារធារៈជន និងសង្គម។ បុគ្គល ឬនីតិបុគ្គលណាដែលធ្វើការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ ធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិចដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
សូមជម្រាបជូនថាក្រុមហ៊ុន GCG Asia Co., LTD យោងតាមការបង្ហោះផ្សាយក្នុងបណ្តាញសង្គម Facebook សម្តេចតេជោ សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងបានជម្រាបពីដំណឹងសន្តិសុខបន្ទាន់ទៅកាន់ប្រជាពលរដ្ឋ និងសូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។ សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុង និងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា៕


