ស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ច ខេត្តស្ទឹងត្រែងបានធ្វើការបង្ក្រាប គ្រឿងញៀន ចំនួន ១៧០ កញ្ចប់ ដែលដឹកតាមទូកមួយគ្រឿង ដឹកជញ្ជូនពីស្រុក ខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ មកចំណុច កោះ ល្ង ឃុំ ព្រះរំកិល ស្រុក បុរីអូរ ស្វាយ សែន ជ័យ ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ ចំណែកមេក្លោង ដែលជួញដូរ និងដឹកគ្រឿងញៀននេះបានរត់គេចខ្លួនបាត់។


លោកឧត្តមសេនីយ៍ទោ អូត ស៊ី វុត្ថា ស្នងការនគរបាល ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដោយមានកំណត់ មុខសញ្ញា គួរឲ្យសង្ស័យ ក្នុង គោលដៅ សមត្ថកិច្ចការពារ ល្បាត ប្រចាំ តំបន់ ព្រំដែន ផ្លូវទឹក កម្ពុជា ឡាវ ក៏បាន ចុះទៅពិនិត្យ ទូក មួយគ្រឿង ដែលគេសង្ស័យ ជាបទល្មើស ។ ពេលចុះពិនិត្យ បានឃើញ វត្ថុតាង គ្រឿងញៀន ចំនួន ១០ បាវ ស្មើ ១៧០ កញ្ចប់ និង ទូក មួយគ្រឿង ។ រីឯ ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន បានរត់គេចខ្លួន ពេលឃើញ សមត្ថកិច្ច ចុះទៅដល់ ។

លោកស្នងការនគរបាល ខេត្តស្ទឹងត្រែង បានឱ្យដឹងបន្ថែមទៀតថា ក្រោយពីដកហូត គ្រឿងញៀន នៅលើទូកមួយគ្រឿងនោះ កម្លាំងសមត្ថកិច្ចបានដឹកគ្រឿងញៀនទាំងអស់នោះ មកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តទាំងយប់ ដើម្បី ធ្វើការពិនិត្យ និង បើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកចាប់ខ្លួន អ្នកពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន ឆ្លងដែនខុសច្បាប់នេះបន្តទៀត៕


