ភ្នំពេញក្រោននារីលុត អ. យ. ក ខេត្តកំពង់ឆ្នាំង ១៩-០ ក្នុងការប្រកួតបាល់ទាត់នារីសប្តាហ៍ទី៣

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោននារីបានប្រកួតឈ្នះក្រុមបាល់ទាត់នារីអ. យ. ក ខេត្តកំពង់ឆ្នាំងក្នុងលទ្ធផល១៩ទល់នឹង០ ដោយមិនឱ្យរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់នៅក្នុងជំនួបសប្តាហ៍ទី៣នៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០២១ កាលពីថ្ងៃទី០២ មករា ឆ្នាំ២០២២ នៅកីឡាដ្ឋានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។

គ្រាប់បាល់ដែលទាត់បញ្ចូលទីទាំងអស់រកបានដោយកីឡាការិនីលេខ១១ជាវី ចំនួន៤គ្រាប់ កីឡាការិនីលេខ៤ សំណាង ចំនួន២គ្រាប់ កីឡាការិនីលេខ១៩ ស៊ីវហ័ងចំនួន៥គ្រាប់ កីឡាការិនីលេខ១០ វីផា ចំនួន៣គ្រាប់ កីឡាការិនីលេខ២៩ គន្ធាចំនួន៥គ្រាប់ និងកីឡាការិនីលេខ១៨ស្រីការ ចំនួន១គ្រាប់ ។

យោងតាមកីឡាការិនីពាក់ស្លាកលេខ១៦របស់ភ្នំពេញក្រោន កញ្ញា ម៉េងជា មួយលាង បានប្រាប់ថោនញូវស៍ឱ្យដឹងថា « នេះគឺជាជោគជ័យមួយដ៏ធំរបស់ពួកយើង ហើយវាជាអ្វី ដែលក្រុមទាំងមូលបានសហការគ្នាយ៉ាងល្អទើបយើងទទួលបានមកវិញនូវលទ្ធផលដ៏ជាទីគាប់ប្រសើរមួយនេះ »។
ម៉េងជា មួយលាងបានបនែ្ថមទៀតថា ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលឃើញក្រុមទទួលបានជ័យជំនះ ហើយក៏សប្បាយចិត្ត និងអរគុណដែលសហព័ន្ធបង្កើតពានរង្វាន់នេះឡើង គោលបំណងបន្ទាប់របស់យើងនឹងខិតខំហ្វឹកហាត់ឱ្យបានល្អសម្រាប់ការប្រកួតបន្ទាប់។

សូមជម្រាបថា ក្រោយពីយកឈ្នះការប្រកួត ធ្វើឱ្យក្រុមសិង្ហក្រហមនារីមួយនេះឡើងទៅឈរនៅកំពូលតារាងលីគនារីបណ្តោះអាសន្ន ដោយប្រកួតបានចំនួន៣ប្រកួត ឈ្នះទាំង៣ប្រកួត និងមាន៩ពិន្ទុនៅក្នុងដៃ៕
អត្ថបទ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២