កម្ពុជាបន្តឈរកំពូលតារាងនៃពូលA ក្រោយយកឈ្នះហ្វីលីពីន

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំបានយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីន១-០ ដែលជាការស៊ុតយ៉ាងស្អាតនៅចុងម៉ោងរបស់ខ្សែបម្រើឆ្នើម ស៊ិន សុវណ្ណមករា កាលពីយប់មិញនេះដើម្បីជួយឲ្យកម្ពុជាបន្តកាន់កាប់កំពូលតារាងនៃពូល A មាន៦ពិន្ទុក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលកំពុងធ្វើឡើងនៅកម្ពុជា។

U-23 កម្ពុជា បានខិតកាន់តែកៀកក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-23 Championship 2022 បន្ទាប់ពីបានយកឈ្នះ U-23 ហ្វីលីពីន យ៉ាងតានតឹងបំផុតក្នុងលទ្ធផល ១-០ ក្នុងការប្រកួតប្រចាំពូល A នាល្ងាចថ្ងៃទី១៧ កុម្ភៈ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

យោងតាមគេហទំព័រCAM2023 លោក Ryo Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-23 បានចាត់ទុកការប្រកួតនេះ ពិតជាពិបាកសម្រាប់ក្រុមលោក តែជាការមើលឃើញពីសញ្ញានៃការរីកចម្រើនរបស់កូនក្រុម។

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់់ការប្រកួត លោក Ryo Hirose បានលើកឡើងដូច្នេះថា «វាជាការប្រកួតដ៏ស្វិតស្វាញ ប៉ុន្តែវាជាការធ្វើបានប្រសើរឡើងពីការប្រកួត។ កីឡាករត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏តានតឹង ហើយពួកគេបានទទួលផលពីវា ដែលនេះគឺជាសញ្ញាដ៏ល្អសម្រាប់អនាគត»។

ការប្រកួតនេះ ហ្វីលីពីន ហាក់មានឱកាសច្រើន និងកៀប សង្កត់មកលើកម្ពុជា តាំងពីវគ្គទី១ រហូតដល់ដើមវគ្គទី២ ខណៈនៅប្រមាណ ១០នាទីចុងក្រោយកម្ដៅកើនឡើងកាន់តែខ្លាំង លុះចូលដល់នាទីទី៨១កម្ពុជាបានទម្លាយភាពជាប់គាំងនៅពេល ស៊ិន សុវណ្ណមករា បានទាត់ចូលឲ្យក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះ តែម្ដង ។

បរាជ័យនេះ ក៏បានធ្វើឲ្យគ្រូបង្វឹករបស់ U-23 ហ្វីលីពីន លោក Stewart Hall សម្ដែងការសោកស្ដាយផងដែរ ដោយលោកបានលើកឡើងដូច្នេះថា «បញ្ហាកម្លាំងកាយសម្បទាតែងតែមានបញ្ហា។ កីឡាករខ្លះមិនបានលេងមួយរយៈមកហើយ។ ប៉ុន្តែកីឡាករបានធ្វើការយ៉ាងខ្លាំងក្នុងការប្រកួតយប់នេះ គ្រាន់តែកាយសម្បទាយើងនៅតែមិនដល់កម្រិតនៅឡើយ »។

គួរជម្រាបផងដែរថា ឆ្លងកាត់ការប្រកួតនេះ U-23 កម្ពុជា ឈរកំពូលតារាងពូល A មាន ៦ពិន្ទុ ស្របពេល U-23 ហ្វីលីពីន នៅលេខ៣ មាន ១ពិន្ទុ ខណៈប្រកួតបន្ទាប់ កម្ពុជា ត្រូវជួប ទីម័រខាងកើត និងព្រុយណេ ត្រូវជួប ហ្វីលីពីន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសម្រេចចុងក្រោយរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២