ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កិច្ចប្រជុំនេះ មានភាគីពាក់ព័ន្ធជាច្រើនចូលរួម រួមមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ ភាគីទីតាំងរៀបចំ និងអាជ្ញាធរពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ មានការបែងចែកការងារជាក្រុមតូចៗ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធានាឲ្យបាន នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍តេស្ដសាកល្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC មានប្រសាសន៍ថា ពិធីបើកកីឡាជាតិ និងកីឡាជនពិការជាតិនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នេះ គឺជាការផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ ហើយក៏ជាការជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យការរៀបចំដំណើរការដោយរលូន និងទទួលបានជោគជ័យផងដែរ។ការរៀបចំ ត្រូវមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ហើយការចូលរួម ត្រូវមានការចាត់តាំងត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់ នឹងត្រូវចូលរួមពិធីបើកខាងលើ។ ដូច្នេះ ការរៀបចំ ត្រូវមានភាពហ្មត់ចត់បំផុត។ រីឯការរៀបចំតុបតែងនូវប្រព័ន្ធភ្លើង តន្ដ្រី កាំជ្រួច ក៏ដូចជាការសម្ដែង កំពុងធ្វើការហាត់សមផងដែរ ដោយមានមនុស្សចូលរួមសម្ដែងប្រមាណជាង ២ពាន់នាក់ ក្នុងនោះជាង ១ពាន់នាក់ គឺជាកម្លាំងនាយកដ្ឋានអង្គរក្ស។

ឯកឧត្តមអគ្គលេខាធិការបានបន្ដថា «កិច្ចប្រជុំនេះ យើងបានផ្ដល់នូវព័ត៌មានជាច្រើន ហើយតាមបទពិសោធន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺបានណែនាំច្រើនណាស់ ក្នុងការរៀបចំពិធីបើក-បិទ ពិសេសគឺសុវត្ថិភាព និងការធ្វើឲ្យទស្សនីយភាព មានលក្ខណៈពិសេស និងអស្ចារ្យនៅក្នុងពិធីបើក-បិទរបស់យើង»។ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នប់ រួមទាំងចំណតយានយន្ត ច្រកចេញ-ចូល ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។ អ្វីដែសពិសេស មុនឈានដល់ពិធីបើកការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នាថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខ ក៏នឹងមានការរៀបចំនូវពិធីបើកសាកល្បងចំនួន ២លើក នាថ្ងៃទី១៩ និងថ្ងៃទី២០ ផងដែរ ដើម្បីធានាបាននូវភាពពិតប្រាកដ និងឆ្ពោះទៅរកភាពអស្ចារ្យក្នុងពិធីបើកផ្លូវការ នាដើមសប្ដាហ៍ក្រោយ៕
ដោយ៖ វិកគី


