ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួមនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ជាមួយនឹងអនុសាសន៍សំខាន់ៗ១០ចំណុច។

អនុសាសន៍សំខាន់ៗចំនួន១០ចំណុច របស់ឯកឧត្តមរដ្ឋមន្ត្រី រួមមាន៖
១.សូមឲ្យគណៈកម្មការបច្ចេកទេស យកចិត្តទុកដាក់ដល់ការចុះឈ្មោះរបស់កីឡាករ កីឡាការិនី ឲ្យបានច្បាស់លាស់ ចៀសវាងការប្រកួតជំនួស ឬកីឡាករម្នាក់ ប្រកួតតំណាងឲ្យខេត្តដល់ទៅពីរ។
២.សូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ បំពេញការងារស្របតាមបទដ្ឋានបច្ចេកទេស។ បើសហព័ន្ធកីឡាជាតិ មានបទពិសោធរៀបចំច្រើន និងរឹងមាំ មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែ បើសហព័ន្ធដែលទើបនឹងរៀបចំ សូមបង្កើនការយកចិត្តទុកដាក់ឲ្យល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ព្រោះជាមុខមាត់ កិត្តិយសជាតិរបស់យើង។
៣.សូមអនុវត្តការងារលើការដោះស្រាយវិវាទនៃការប្រកួត ឲ្យស្របតាមនីតិវិធី និងឋានានុក្រម ជៀសវាងបាតុភាពមិនល្អកើតឡើង។
៤.សូមខិតខំដកស្រង់បទពិសោធឲ្យបានល្អប្រសើរ ពីព្រោះព្រឹត្តិការណ៍កីឡាជាតិនេះ គឺដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ នៅពេលខ្វះចន្លោះលើចំណុចណាខ្លះ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ត្រូវធ្វើរបាយការណ៍ វាយតម្លៃ និងកែលម្អ ដើម្បីបំពេញបន្ថែម ពេលយើងធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ នៅពេលចប់កីឡាជាតិ ត្រូវបានកិច្ចប្រជុំមួយ និងវាយតម្លៃថា តើកីឡាជាតិលើកទី៣នេះ ស្ថិតក្នុងស្តង់ដាកម្រិតណា ដើម្បីឲ្យងាយស្រួល ក្នុងពេលដល់ស៊ីហ្គេម ២០២៣ ព្រោះពេលវេលាកាន់តែខ្លីទៅៗហើយ។

៥.សូមចាត់តាំងអ្នកនាំពាក្យព្រឹត្តិការណ៍កីឡាជាតិ សម្រាប់ការផ្សព្វផ្សាយ និងព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន។
៦.សូមរៀបចំក្រុមការងារគ្រូពេទ្យ ឲ្យបានគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងពេលប្រកួត ឬក្នុងពេលហ្វឹកហាត់ ដោយសារពួកគាត់ប្រើប្រាស់កម្លាំងខ្លាំង។
៧.លើកទឹកចិត្តឲ្យប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៨.សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការសិក្សាឈ្វេងយល់ និងផ្សព្វផ្សាយឲ្យបានទូលាយ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូប៉ា ឬដូពីង) ដើម្បីជំរុញគ្រប់រូបភាពធ្វើយ៉ាងណា ឲ្យការប្រកួតកីឡាជាតិនេះ មានភាពស្អាតស្អំ ដោយហាមឃាត់ជាដាច់ខាត នូវសារធាតុញៀន។ បោះពុម្ពផ្សព្វផ្សាយនូវអ្វីដែលជាសារធាតុហាមឃាត់ក្នុងកីឡា និងអ្វីជាសារធាតុអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងកីឡា ដូចជាក្នុងពេលកីឡាករ កីឡាការិនីរងរបួសត្រូវប្រើថ្នាំ គឺត្រូវប្រើប្រាស់ថ្នាំដែលអនុញ្ញាតប៉ុណ្ណោះ។ ប្រសិនបើប្រើសារធាតុហាមឃាត់នឹងប៉ះពាល់យ៉ាងខ្លាំងក្លាដល់ការប្រកួត និងមុខមាត់ព្រឹត្តិការណ៍ទាំងមូលតែម្តង។ ប្រសិនបើប្រកួតអន្តរជាតិវិញ ប្រទេសជាតិនឹងជាប់បម្រាម ដោយការដាក់ទណ្ឌកម្មជាដើម។ កីឡាជាតិក៏មានគណៈកម្មការប្រឆាំងដូប៉ាដែរ ដូច្នេះ ហាមដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។

ចំពោះចំណុចទី៩ និងទី១០ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរ ដើម្បីជំរុញឲ្យការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍លើកចុងក្រោយ ត្រៀមស៊ីហ្គេម ២០២៣ ទទួលបានជោគជ័យ។ ខ្ញុំសូមលើកទឹកចិត្តឲ្យចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការសំខាន់ៗ ជាពិសេស យុទ្ធនាការផ្សព្វផ្សាយលើប្រធានបទ «កីឡារស់ក្នុងសន្តិភាព» នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

