ការរៀបចំកីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១នាពេលនេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ ៖ ការប្រារឰព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ ឆ្នាំ២០២២ គឺដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ផ្ដល់ឱកាសឲ្យអត្តពលិកបានចូលរួមប្រកួត ក្នុងការវាស់ស្ទង់គុណផលកីឡា ផ្ដល់ឱកាសឲ្យគណៈកម្មការរៀបចំការប្រកួតបានរៀបចំ ដើម្បីក្រេបយកបទពិសោធ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្ដមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការនៃកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«ការប្រកួតកីឡាជាតិលើកទី៣ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហានុ ខេត្តកែប និងខេត្តសៀមរាបលើប្រភេទកីឡាចំនួន៣៨។ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព បច្ចេកទេស ផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីបានចូលរួមប្រកួត ដើម្បីវាស់ស្ទង់គុណផលគុណភាពកីឡា ផ្ដល់ឱកាសឲ្យគណៈកម្មការរៀបចំការប្រកួតបានរៀបចំ ដើម្បីក្រេបយកបទពិសោធ ដើម្បីជាការត្រៀមខ្លួនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ»។

ជាទីបញ្ចប់ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមរដ្ឋមន្ត្រីបានធ្វើការថ្លែងអំណរគុណយ៉ាងក្រៃលែង និងធ្វើការដឹងគុណយ៉ាងជ្រាបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់វិស័យកីឡា និងសូមឲ្យទេវតាដែលតាមថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមថែរក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រា-បុត្រី និង ចៅប្រុសចៅស្រី ឲ្យបានជួបតែសម្ដេចសុខសេចក្ដីចំរើនកុំបីឃ្លាងឃ្លាតឡើយ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២