ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់ ដែលទទួលបានការឧបត្តម្ភ ពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS) និងសហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីបណ្តុះបណ្តាលបង្វឹកកីឡាលើកទម្ងន់ ដែលជាមនុស្សសំខាន់បំផុត ក្នុងការដឹកនាំ ការអភិវឌ្ឍធនធានមនុស្សនោះ ក្នុងវិស័យកីឡាលើកទម្ងន់នៅកម្ពុជា នេះជាដំណើរឈានឆ្ពោះទៅរៀបចំព្រឹត្តិការណ៍នានា ទាំងក្នុង និងក្រៅប្រទេស។
មន្ត្រីជំនាញកីឡាលើកទម្ងន់អន្តរជាតិលោក MINIEASH PANDOO មានប្រសាសថា៖ នេះជាលើកទី១ សម្រាប់ខ្ញុំ ដែលបានមកដល់ប្រទេសកម្ពុជា ជាគ្រូបង្គោលវគ្គបណ្តុះបណ្តាល ប៉ុន្តែមិនមែនជាលើកទី១ មកកាន់តំបន់អាស៊ាននោះទេ ដោយលោកធ្លាប់មកជាគ្រូបង្វឹកកីឡាលើកទម្ងន់ នៅប្រទេសឥណ្ឌូនេស៊ី រយៈពេល ៩ឆ្នាំ និងធ្លាប់ជាគ្រូបង្វឹកនៅម៉ាឡេស៊ី និងថៃ។ ខ្ញុំសូមផ្តាំផ្ញើទៅសិក្ខាកាមដែរ សូមធ្វើការសាកសួរ និងមានសំណួរ ដើម្បីអោយវគ្គបណ្តុះបណ្តាល ទទួលបានផ្លែផ្កា និងសូមជូនពរកម្ពុជា ក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣ ទទួលបានជោគជ័យ។
អគ្គលេខាធិការNOCC និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ក្រៅពីសិក្សាទ្រឹស្តី បញ្ជាការប្រកួត បច្ចេកទេសកីឡាលើកទម្ងន់យើង ក៏ត្រូវសុំគ្រូបង្វឹកចែករំលែកបទពិសោធន៍ ធ្វើយ៉ាងណា ដើម្បីជៀសវាងពីហានិភ័យផ្សេងៗ ដែលកើតឡើងដោយសារបញ្ហាឈឺសាច់ដុំ ត្រូវធ្វើម៉េច ឈឺសន្លាក់ត្រូវធ្វើម៉េច។ ពីព្រោះវាចិត្តសាស្រ្តកីឡាកម្រិតខ្ពស់។ បើយើងយល់ដឹងពីការការពារជាមុននូវហានិភ័យ ដែលកើតឡើងចំពោះកីឡាករ កីឡាការិនី គឺយើងអាចការពារគាត់បាន ពួកគាត់នឹងហ្វឹកហាត់ជាមួយយើង។ បើយើងគិតតែហាត់ មិនគិតរបៀបការពារ គឺនឹងមានបញ្ហាបាត់បង់កីឡាករល្អៗរបស់យើង។ ដូច្នេះត្រូវយកចិត្តទុកដាក់ គឺរៀនដើម្បីផ្លាស់ប្តូររបៀបការងាររបស់យើង។ រៀនចេះហើយ មានចំណេះជំនាញហើយ យកទៅធ្វើការផ្លាស់ប្តូររបៀបរបបការងាររបស់យើង។ បើរៀនហើយមិនផ្លាស់ប្តូរតាមជំនាញវិជ្ជាជីវៈ ក៏យើងមិនអាចអនុវត្តបានត្រឹមត្រូវ ទៅតាមជំនាញរបស់យើងដែរ។
ឯកឧត្តម សង្ឃឹមនិងជឿជាក់ លើលោកគ្រូ អ្នកគ្រូទាំងអស់ នឹងផ្លាស់ប្តូរយោបល់ សួរនូវចំណុចសង្ស័យ របៀបនៃការដាក់ពិន្ទុ របៀរបបនៃការផ្តល់ពេលវេលា គេធ្វើយ៉ាងម៉េច។ ហើយការប្រកួតនីមួយៗ គេរៀបចំរបៀបណា។ ហើយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ការងារ និងវិន័យ។ មានវិន័យ ទើបអាចក្លាយជាអ្នកដឹកនាំបាន អញ្ចឹងអ្នកដឹកនាំត្រូវតែមានវិន័យការងារ និងសូមសិក្សាអោយបានគ្រប់ម៉ោង ដើម្បីយកចំណេះដឹង ទៅចែករំលែកអោយមានប្រសិទ្ធភាព និងសក្តានុពលប្រកបដោយគុណធម៌។ ពីព្រោះ វគ្គកម្រិតអន្តរជាតិនេះ ផ្តល់សញ្ញាបត្រជាអន្តរជាតិ និងជាមន្រ្តីអន្តរជាតិ ដែលទទួលស្គាល់ពីអូឡាំពិកអន្តរជាតិ (IOC) មានតម្លៃលើឆាកអន្តរជាតិ។
គួបញ្ជាក់ផងដែរថា៖ សិក្ខាសាលានេះ មានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមសរុបចំនួន ២៥នាក់ ស្រី០៤នាក់ មកពីសមាគមតំណាងក្រសួងមហាផ្ទៃ ១នាក់ ក្រសួងការពារជាតិ ២នាក់ ខេត្តកំពង់ចាម ៣នាក់ បាត់ដំបង ៣នាក់ សៀមរាប ២នាក់ កំពង់ធំ ២នាក់ កណ្ដាល ២នាក់ កំពត ៣នាក់ កោះកុង ៣នាក់ និងមន្ត្រីសហព័ន្ធ ៤នាក់ និងមានគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ គឺលោក MINIEASH PANDOO ដែលមានបទពិសោធន៍រយៈពេល ២៦ឆ្នាំ៕


