ភ្នំពេញ៖ គណៈអចិន្រ្តៃយ៍ របស់គណៈកម្មាធិការជាតិ CAMSOC បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញទាំងអស់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន មកធ្វើការសម្រួលរៀបចំឡើងវិញ។

កិច្ចប្រជុំនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន បានស្តាប់នូវរបាយការណ៍របស់គណៈកម្មការជំនាញនីមួយៗ ពីបញ្ហាប្រឈម សូមអោយដោះស្រាយបំភ្លឺ ចំពោះគណៈកម្មការជំនាញ ដែលមានការងារខ្លះ មិនបានធ្វើ និងការងារខ្លះដែលធ្វើរួចហើយ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ និងណែនាំចំណុចខ្វះខាត ដោយផ្តោតសំខាន់ លើកន្លែងស្នាក់នៅ ហូបចុក បដិសណ្ឋារកិច្ច និងលើទីលានប្រកួត សូមធ្វើអោយមានភាពជាក់លាក់ និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជំនាញនីមួយៗ គឺបានធ្វើការងារបានល្អ និងសម្រេចបានពី៧០ ទៅ៨០% គ្រាន់តែត្រូវបន្តធ្វើឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតប៉ុណ្ណោះ ដើម្បីឱ្យព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តនេះ ទទួលបានជោគជ័យប្រកបដោយមោទកភាពជាតិ៕

ដោយ៖ វិកគី

