សហព័ន្ធកីឡាកាយសម្ព័ន្ធ មានការប្រែប្រួលខ្លាំង ក្រោយរៀបចំវគ្គគ្រូ និងបោះជំរំតាមខេត្ត

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានទទួលផលគួរឲ្យកត់សម្គាល់ បន្ទាប់ពីការផ្លាស់ប្ដូរយុទ្ធសាស្ដ្ររៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក និងបោះជំរំតាមខេត្ត ក្រោមគំនិតផ្ដួចផ្ដើម និងជំរុញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ។

បើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ ក្រោយបញ្ចប់រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស គ្រូជំនាញកម្រិត១ និងបោះជំរំ (Level 1 Class P4 + Training Camp) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅសាលាបឋមសិក្សាសាលាលេខប្រាំ នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម ២២នាក់ មកពី ៥រាជធានី-ខេត្ត និងក្រសួង ១។ សិក្ខាកាមមកពីរាជធានីភ្នំពេញ មានចំនួន ២នាក់, ខេត្តកំពង់ឆ្នាំង ១៣នាក់, ខេត្តក្រចេះ ៤នាក់, ខេត្តកំពង់ចាម ១នាក់ និងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ២នាក់។ កម្មវិធីប្រចាំឆ្នាំនេះ រៀបចំឡើង ដើម្បីពង្រឹងគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ នៃកីឡាកាយសម្ព័ន្ធ ឲ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចំណេះជំនាញមួយនេះ ដើម្បីត្រៀមឆ្ពោះទៅរកភាពជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់លទ្ធផល នៃវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកម្រិត១ និងបោះជំរំនេះដែរ ក្នុងចំណោមសិក្ខាកាម ២២នាក់ គឺមានសិក្ខាកាម ១០រូប ទទួលបានិទ្ទេសល្អ ឬស្មើនឹង ៤៥,៤៥% ខណៈនិទ្ទេសល្អបង្គួរមាន ៨នាក់ ឬស្មើនឹង ៣៧,៣៦% និងនិទ្ទេសមធ្យមចំនួន ៤នាក់ ស្មើនឹង ១៨,១៨%។ ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីលោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២