រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះ​ហត្ថលេខារួមគ្នា​លើ​លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់ជិត ២០០លានដុល្លារ

ភ្នំពេញ ៖ ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះ​ហត្ថលេខារួមគ្នា​លើ​លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា  ដែលមានទឹកប្រាក់សរុបចំនួន ២៥.៧៧៣.០០០.០០០ យ៉េន (ស្មើប្រមាណ​ ១៨៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន២ នៅព្រឹកថ្ងៃទី២0 ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គម្រោងទាំងពីរនោះ រួមមាន៖

ទី១ ៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ​

គម្រោងនេះ មានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩,៧ គីឡូម៉ែត្រ​ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥  ដោយកាត់ខេត្តចំនួន ៤   គឺខេត្តកំពង់ឆ្នាំង   ពោធិ៍សាត់  បាត់ដំបង និងបន្ទាយមានជ័យ។

គម្រោងនេះស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។

ទី២ ៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣

គម្រោងនេះនឹងទទួលបានថវិកាបន្ថែម​ ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹក និងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា​  ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ ​ បានថ្លែងអំណរគុណជប៉ុនចំពោះការបន្តផ្ដល់ជំនួយដល់កម្ពុជា ដែលកាយវិការនេះ​ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះឯកឧត្តមឯកអគ្គរាជទូត UENO Atsushi និងសហការី នៅស្ថានទូតជប៉ុន  ព្រមទាំងមន្រ្ដីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ​ ​ និងពង្រីកនូវទំនាក់ទំនង  និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ​។​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ផងដែរ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២