រដ្ឋាភិបាលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ជាមួយទុនវិនិយោគសរុបជាង៥០លានដុល្លារ ដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ ក្នុងចំណោមក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនខ្លះ មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់,រោងចក្រផលិតស្រោមស្បែកជើង,រោងចក្រផលិតវ៉ែនតា  និងរោងចក្រផលិតកាបូបជាដើម ដែលមានទុនវិនិយោគសរុបប្រមាណជា៥០,៧លានដុល្លារ និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានជាង១ម៉ឺនកន្លែង។

ក្រុមហ៊ុនទាំង៥ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន៖

១-ក្រុមហ៊ុន“TARAL INTERNATIONAL CO., LTD”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦.៩៣៥កន្លែង។

២-ក្រុមហ៊ុន“SUPER KNITTING (CAMBODIA) CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៥៦៩កន្លែង។

 

៣-ក្រុមហ៊ុន“UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED”មានគម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៩៦នាក់។

៤-ក្រុមហ៊ុន“ SSCA GARMENT CO., LTD”មានគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៩១កន្លែង។

៥-ក្រុមហ៊ុន“FOTON PACKAGING PRODUCT CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣១កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២