ក្រុមហ៊ុនថ្មីចំនួន៤ ទទួលបានសិទ្ធវិនិយោគដោយបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជាជាមួយទុនវិនិយោគសរុបជា២០លានដុល្លារ

ឥឡូវនេះមានក្រុមហ៊ុនថ្មីចំនួន៤ទៀតហើយត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនទាំងនោះដើម្បីទទួលបានសិទ្ធវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុងចំណោមក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនខ្លះ មានគម្រោងបោះទុនវិនិយោគដោយបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ,រោងចក្រផ្គុំដំឡើងអំពូលភ្លើង,រោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ និងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ជាដើម។

ក្រុមហ៊ុនដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទាំងនោះរួមមាន៖

១- ក្រុមហ៊ុន“RUNZHIMAO HEALTH CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។

២-ក្រុមហ៊ុន “LITESUN HOMEDECOR CO., LTD”មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។

៣- ក្រុមហ៊ុន“BRIGHT PLASTIC (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។

៤-ក្រុមហ៊ុន“HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ៣៨១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤១កន្លែង៕

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២