ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​គ្រាប់កាំភ្លើង​ធំ​រាប់​ម៉ឺន​គ្រាប់​បន្ថែម​ទៀត​ទៅឱ្យ​អ៊ុយក្រែនដើម្បីការពារខ្លួន និងវាយដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ

អង់គ្លេស​បាន​សន្យា​កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញនេះថា ​នឹង​បញ្ជូន​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយក្រែន​ជាមួយ​នឹង​គ្រាប់​កាំភ្លើង​ធំ​រាប់​ម៉ឺន​គ្រាប់​នៅ​ដំណាច់​ឆ្នាំ។ ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចក្រភពអង់គ្លេសបានបញ្ជូនគ្រាប់កាំភ្លើងធំជាង 300,000គ្រាប់ទៅឱ្យអ៊ុយក្រែន ហើយបានប្តេជ្ញាថានឹងផ្តល់គ្រាប់កាំភ្លើងធំរាប់ម៉ឺនគ្រាប់បន្ថែមទៀតនៅឆ្នាំនេះ”។នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ (Grant Shapps) បានប្រកាសនៅថ្ងៃនេះ។

ការផ្តល់ជំនួយបន្ថែមទៅឱ្យអ៊ុយក្រែននេះ បានកើតឡើងនៅពេលដែល Shapps បានចូលរួមកិច្ចប្រជុំលើកទី 15 នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ រួមជាមួយលោក Tony Radakin ប្រធានបុគ្គលិកការពារជាតិ។ Shapps បានបញ្ជាក់សារជាថ្មីអំពី ការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសខ្លួនចំពោះអ៊ុយក្រែន ហើយបាននិយាយថា ចក្រភពអង់គ្លេសបានសន្យាផ្តល់គ្រាប់កាំភ្លើងធំបន្ថែមទៀត ដើម្បីឱ្យទីក្រុង Kyiv ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងដណ្តើមយកទឹកដីដែលរុស្សីកាន់កាប់ដោយខុសច្បាប់នោះមកវិញ ។

Shapps បានបន្ថែមទៀតថា ដើម្បីធានាថា អ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការដើម្បីការពារខ្លួន នៅពេលចូលដល់រដូវរងារ យើងក៏បានកំណត់ពីរបៀបដែលចក្រភពអង់គ្លេសនឹងបន្តទៅមុខទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ នៅក្នុងតំបន់ជំនួយជាអាទិភាពរបស់យើង រួមទាំងការការពារដែនអាកាស និងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ និងការបណ្តុះបណ្តាល៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២