ធនាគារជាតិកម្ពុជា និងម៉ាឡេស៊ីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

អនុស្សរណៈយោគយល់គ្នានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត សំដៅផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២