ភ្នំពេញ ៖ នៅទីស្តីការរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ចំនួន៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២)។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការផ្តល់ឥណទានសម្បទានខាងលើនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ការផ្តល់ឥណទានសម្បទាននេះ ក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរផងដែរ ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានបន្តគាំទ្រ និងបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕
ដោយ៖ ឧត្តម

