ក្នុងឆ្នាំ២០២៤ គយកម្ពុជាប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ កើនលើសឆ្នាំ២០២៣ប្រមាណជា ១៣,៨ភាគរយ

វិស័យពន្ធដារ និងគយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមែលប្រមូលចំណូលមកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិឱ្យមានការអភិវឌ្ឍន៍រីកចម្រើន។តាមការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាប្រមូលចំណូលពន្ធគយមានការកើតឡើងជាលំដាប់ ដែលនេះបានបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។ នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ ចំណូលពន្ធ និងអាករដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបានមានទំហំទឹកប្រាក់ប្រមាណជា ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជាបានឱ្យដឹងថា លទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៤ ដោយ អគរ រួមមាន៖ ការប្រមូលចំណូលពន្ធ និងអាករបានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ហើយការប្រមូលចំណូលក្នុងឆ្នាំ២០២៤កន្លងមកនេះ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍៖ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធ និងអាករកាន់តែធំទូលាយដើម្បីទាក់ទាញ​ការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានឱ្យដឹងទៀតថា បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធ និង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណជា ៤១,៣%, អាករពិសេសមានប្រមាណជា ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាតមានប្រមាណ ៤,៤% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូល​តាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨ ៥៤៥,៤ លានដុល្លារអាម៉េរិក កើនឡើងប្រមាណជា ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើម​ និងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦ ៤៧២,៨ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិច​ត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពី​ឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ​ទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦%៕

       

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២