ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកបុរសវ័យចំណាស់ម្នាក់ដែលកំពុងជិះកង់ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៦ និង២០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ នុយ សេងវ៉ាត អាយុ៧០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B.5578 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៤ក្នុងល្បឿនលឿនពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកកង់មួយគ្រឿងជិះដោយបុរសវ័យចំណាស់ម្នាក់នៅខាងមុខរថយន្ដក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតដួលបោកក្បាលនឹងថ្នល់ស្លាប់ ហើយភ្លាមៗនោះ អ្នកបើករថយន្តបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដនៅនឹងកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយករថយន្ដបង្ក និងកង់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ វិសាល