ភ្នំពេញ៖ បុរសម្នាក់រងរបួសដៃម្ខាងហូរឈាមជោគ បន្ទាប់ពីមិត្តភ័ក្ដិរបស់ខ្លួនកាប់នឹងកាំបិតបុ័ងតោ ព្រោះតែរឿងទាក់ទងស្រី១ ពីរនាក់ពេលផឹកស៊ីស្រវឹងបង្កជាហិង្សា។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ2០11 ចំណុចភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ កែវ រ៉ាត់ ភេទប្រុសអាយុ២៥ឆ្នាំ ធ្វើការនៅហាងលក់ម៉ូតូមួយម្ដុំកំបូល បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។
ជនបង្កមានឈ្មោះ លឹម រតនាវិទូ ភេទប្រុសអាយុ២០ឆ្នាំ បច្ចុប្បន្នរស់ភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីភាគីខាងជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយភាគីបង្កដែលត្រូវជាមិត្តភ័ក្ដិរបស់ខ្លួនបានហៅជនរងគ្រោះឱ្យមកផឹកជាមួយ តែភាគី(ក)មិនព្រមផឹកជាមួយភាភី(ខ)នោះទេ ទើបខឹងក៏យកកាំបិតបុ័ងតោ ដែលហាន់សាច់ក្លែមមកដេញកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមុតចំដៃខាងស្ដាំមួយកាំបិតហូរឈាមជោគ បន្ទាប់មកបង្កក៏បានដេញប្រតាយប្រតប់គ្នាផ្អើលអ្នកជិតខាងនាំគ្នាឃាត់បំបែកចេញពីគ្នារួចពលរដ្ឋបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗរួចហៅភាគីទាំងសងខាងនាំទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ប្រភពដដែលបានបន្តទៀតថា អ្នកទាំងពីរខាងលើមានការអន់ចិត្តនឹងគ្នាព្រោះតែរឿងស្រលាញ់ស្រីមួយ ពីរនាក់ បណ្ដើមស្រីគ្នាខានស្ដីរកគ្នាមួយរយៈមកហើយ លុះមុនពេលកើតហេតុស្រាប់តែខាងជនបង្កបានហៅឱ្យជនរងគ្រោះមកផឹកនៅផ្ទះរបស់ខ្លួន ក៏ទាក់ពាក្យសម្ដីនឹងគ្នាបង្កជាជម្លោះដេញកាប់គ្នាតែម្ដងទៅ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរ ដោយភាគីទាំងពីរនាក់ខាងលើមិនមានអ្នកប្ដឹងផ្ដល់គ្នាទៅវិញទៅមក សមត្ថកិច្ចក៏ធ្វើលិខិតបដិសេធន៍ពាក្យបណ្ដឹងរួចឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕
ដោយ៖ វិសាល

