គណៈ​កម្មការចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំនាចុងសប្តាហ៍ក្រោយនេះ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ

ភ្នំបេញ ៖ ឯកឧត្តម ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេស និងសហ​ប្រតិ​​បត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនានេះថា ៖ ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការ​គោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែល​មានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបាន​ឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ៖ ក្នុងស្មារតីនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈ​កម្មការចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅ​ភាគីថៃរួចហើយ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។កម្ពុជាប្រកាន់ជំហរដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២