ដឹងតែកក្រើកពិភពគុនទៀតហើយ ពេជ្រ សម្បត្តិចូលខ្លួនជាបេក្ខភាព 8 Men Tournament ក្នុងមហាព្រេត្តិការណ៍ GANZBERG World Kun Khmer នៅសប្តាហ៍ក្រោយនេះ!

ភ្នំពេញ៖ ពិតជាមិនធម្មតាព្រឹត្តិការណ៍ការប្រកួតដ៏អស្ចារ្យរដូវកាលនេះ គ្រាន់តែបេក្ខភាព ១រូប ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការប្រកួត 8 Men Tournament ជាការប្រកួតដ៏កម្រ និងទាក់ទាញ ដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ កម្មវិធីចាប់ផ្តើមពីម៉ោង៨យប់តទៅ ទីតាំងរៀបចំសង្វៀនស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ ក៏មានវត្តមានកីឡាករពេជ្រ សម្បត្តិ អ្នកលេងកណ្តាប់ដៃប្រចាំកម្ពុជាយើងផងដែរ ក្នុងវិស័យកីឡាប្រដាល់ក្បាច់គុនខ្មែរ នរណាក៏ស្គាល់ ក្របីព្រៃរូបនេះដែរ ការប្រកួតបែបណាក៏គេធ្លាប់ឆ្លងកាត់ដែរ ប៉ុន្តែសម្រាប់ការប្រកួត 8 Men អ្នកប្រយុទ្ធគុនខ្មែរឆ្នើមរូបនេះ នៅមិនទាន់បានស្គាល់រសជាតិប្រកួតបែបនេះឡើយ ។

 

កីឡាកររូបនេះធ្លាប់បានចិញ្ចឹមចិត្តជាយូរមកហើយថា រូបគេចង់ក្លាយជាបេក្ខភាពមួយរូបក្នុងការប្រកួតលក្ខណៈបែបនេះ ព្រោះវាជាការប្រកួតដ៏អស្ចារ្យមិនមែនគ្រប់កីឡាករទាំងអស់សុទ្ធតែមានឱកាសបានចូលរួមជាបេក្ខភាពនោះទេ លុះត្រាតែកីឡាករនោះជាកីឡាករឆ្នើម ខិតខំហ្វឹកហាត់ មានបទពិសោធន៍ខ្ពស់ ជាពិសេសមានកេរ្តិ៍ឈ្មោះស្របតាមសមត្ថភាព និងមានភាពក្លាហានទើបអាចចូលរួមក្នុងការប្រកួតបែបនេះបាន។

 

ជាក់ស្ដែងក្របីព្រៃគុនខ្មែរគ្រាន់តែបានក្លាយជាបេក្ខភាពក្នុងចំណោមបេក្ខភាពទាំង៨រូបនេះភ្លាម រូបគេត្រៀមប្រកួត និងបុកហ្វឹកហាត់យ៉ាងខ្លាំង ដោយគេបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដោយកន្លងមកគេធ្លាប់បានតាមដានសិស្សច្បងប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែមានកូនចិត្តចង់ចូលរួមដូចគ្នានោះទេ ប៉ុន្តែគេចង់បញ្ចេញសមត្ថភាព និងចង់ធ្វើតេស្តខ្លួនឯងថាតើខ្លួនអាចទៅរួចក្នុងព្រឹត្តិការប្រកួតបែបនេះឬយ៉ាងណា ព្រោះកន្លងមកគេធ្លាប់តែប្រកួត ៣ទល់ ១ ការប្រកួតលក្ខណៈ4Men Tourment , ការប្រកួត១ទល់១ ,ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់វិលជុំ ប៉ុន្តែលើកនេះគេត្រូវធ្វើការធ្ងន់ត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ដូចគ្នា ប៉ុន្តែក្នុងថ្ងៃតែមួយហើយប្រកួតវិលបីជុំ។

ដ្បិតមានបទពិសោធន៍ច្រើន ក៏ពេជ្រ សម្បត្តិនៅតែបង្ហើបថាព្រឹត្តិការណ៍មួយនេះលំបាកសម្រាប់រូបគេ តែគេបានប្ដេជ្ញាចិត្តថាប្រសិនបើអាចឡើងដល់ជុំទី ៣ ទោះលំបាកយ៉ាងណា ក៏នៅតែខិតខំឲ្យអស់ពីសមត្ថភាព។

 

គួរជម្រាបផងដែរថា ការប្រកួត8Men Tourment គឺជាការប្រកួតប្រដាល់ដ៏ពិសេសមួយ ដែលមានកីឡាករចំនួន៨រូបចូលរួម ដែលមកពីប្រទេសផ្សេងៗគ្នា ត្រូវប្រកួតជម្រុះ ចម្រាញ់ ដើម្បីឡើងទៅប៉ះគ្នាតែ២រូបគត់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមរង្វាន់ធំៗ អ្នកទទួលបានជ័យជំនះសុទ្ធតែទទួលបាននូវកាដូអស្ចារ្យ។ ជាក់ស្ដែងកីឡាករធឿន ធារ៉ា គឺជាកីឡាករគុនខ្មែរមួយរូបដែលជោគជ័យក្នុងព្រឹត្តិការណ៍មួយនេះ ធ្លាប់ទទួលបានទាំងផ្ទះ ទាំងឡាន  ទើបធ្វើឱ្យព្រឹត្តិការណ៍ប្រកួតមួយនេះកីឡាកររូបណាក៏ប្រាថ្នាចង់ចូលរួមដែរ។

 

ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាថា បេក្ខភាពបន្តបន្ទាប់ទៀតមានកីឡាករ មកពីប្រទេសណាខ្លះ ចាំមើលថាតើកីឡាករពេជ្រ សម្បត្តិ អាចសម្រេចបំណងប្រាថ្នារបស់គេបានដែរឬយ៉ាងណា ព្រោះរង្វាន់ធំៗពីកម្មវិធីមួយនេះកំពុងរង់ចាំរូបគេហើយ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២