កីឡាករជើងខ្លាំងគុនខ្មែរ៤រូប ចេញទៅធ្វើព្យុះភ្លៀងនៅអេស្ប៉ាញ ថ្នាក់ដឹកនាំកំពូលស្ថានីយទូរទស្សន៍ថោនទៅផ្ដល់កម្លាំងចិត្តដោយផ្ទាល់ដល់កីឡាករគុនខ្មែរយើង!

ភ្នំពេញ៖ GANZBERG លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក រួមសហការជាមួយស្ថានីយទូរទស្សន៍ថោនបានបន្តដំណើរទៅធ្វើការផ្សព្វផ្សាយគុនខ្មែរ ដល់ទឹកដីនៃប្រទេសអេស្ប៉ាញនាចុងសប្តាហ៍នេះ។ឥឡូវនេះថ្នាក់ដឹកនាំ និងកីឡាករ ក៏ដូចជាគ្រូបង្វឹកកំពុងតែធ្វើដំណើរឆ្ពោះទៅទឹកដីអេស្ប៉ាញដើម្បីត្រៀមប្រកួតនៅក្នុងថ្ងៃទី៧ កុម្ភៈ ២០២៦នេះ ។

កីឡាករគុនខ្មែរចំនួន៤រូប ព្រមទាំងថ្នាក់ដឹកនាំ ដែលក្នុងនោះក៏មានវត្តមានរបស់ឯកឧត្តម វ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុនថោនគ្រុប បានដឹកនាំកីឡាករធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ដោយផ្ទាល់នារាត្រីថ្ងៃពុធ ទី ០៤ ខែកុម្ភៈ យប់ម៉ិញនេះ ហើយក៏ឃើញមានវត្តមានរបស់ឯកឧត្តម ហេង សុឃន ក៏ដូចជាលោកTommy Kim ផងដែរ ។

 

ប្រតិភូថ្នាក់ដឹកនាំ ព្រមទាំងកីឡាករ បានចំណាយពេលវេលាធ្វើដំណើរជាច្រើនម៉ោង ដោយទៅដល់ព្រលានប្រទេសសិង្ហបុរីរួចហើយបន្តហោះទៅក្រុងឌូបៃ និងបន្តហោះហើរជាបន្តបន្ទាប់ដើម្បីទៅដល់ទឹកដីប្រទេសអេស្ប៉ាញ ។

ដ្បិតការធ្វើដំណើរអាចនឹងមានរយៈពេលវែង ប៉ុន្តែកីឡាករគ្រប់រូបបានដាក់គោលដៅ និងឆន្ទៈខ្ពស់ណាស់ក្នុងការប្រកួត ហើយក្នុងនោះកីឡាករនីមួយៗក៏បានរៀបរាប់ពីចំណាប់អារម្មណ៍ និងដៃគូរបស់ខ្លួន ដោយកីឡាករសែន រ៉ាដេត មុនប៉ះគ្នាគេបានស្វែងយល់ពីដៃគូច្បាស់ថា កីឡាកររូបនោះជាប្រភេទកីឡាករបុក ដូច្នេះរូបគេក៏បានត្រៀមខ្លួននៅក្នុងការប្រយុទ្ធ និងបិទដូចគ្នា ។

 

ចំណែកឯកីឡាករ ឃន សុម៉ាលីវិញនឹងត្រូវជួបប្រកួតប៉ះដៃគូចាស់ របស់កីឡាករចំរើន គុនខ្មែរ ដែលអាចនឹងលំបាកសម្រាប់រូបគេដូចគ្នាព្រោះថាគេបានដឹងពីចំណុចខ្លាំងខ្សោយរបស់ខ្លួនរួចហើយ ដោយហេតុថាកីឡាកររូបនេះធ្លាប់ប្រកួតជាមួយកីឡាករគុនខ្មែរកន្លងមក គេជាកីឡាករដែលល្អគ្រប់គ្រឿង។ តែទោះជាយ៉ាងណាក្តី ការទៅប្រកួតលើកនេះ គេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

ក្រឡេកមកមើលអេអាំ ម៉ារីនភូថង វិញ  ក៏ត្រូវប៉ះដៃគូចាស់ ក្នុងការចេញទៅប្រកួតការពារខ្សែក្រវ៉ាត់នៅប្រទេសអេស្ប៉ាញ ដែលជាទឹកដីរបស់គេទៀត ដ្បិតត្រៀមខ្លួនរួចរាល់ក៏ពិតមែន ប៉ុន្តែនៅតែតានតឹងសម្រាប់កីឡាករឆ្នើមរូបនេះ មានតែចាំមើលដល់ថ្ងៃប្រកួតជាក់ស្ដែងទើបដឹងថា អាចការពារបានឬយ៉ាងណា ? ។

 

ចំណែកឯអ្នកលេងកែងឆេះជង្គង់ហោះម៉ឺន មេឃា ចេញទៅប្រកួតក្រៅប្រទេសមិនដែលចាញ់នោះទេ ប៉ុន្តែលើកនេះត្រូវប្រកួតនៅប្រទេសអេស្ប៉ាញ អាចនិយាយបានថា ជាបទពិសោធន៍ថ្មីសម្រាប់រូបគេ តែគេសង្ឃឹមយកឈ្នះបន្ត ហើយក៏បានតាំងចិត្តខ្ពស់ក្នុងការប្រកួតលើកនេះ ដូច្នេះរង់ចាំមើលថាតើគេធ្វើបានល្អឬយ៉ាងណា? ព្រោះកន្លងមកមេឃាកម្រឱ្យអ្នកគាំទ្រខកបំណងណាស់។

ដូច្នេះកុំភ្លេចចូលរួមតាមដានទស្សនាការផ្សាយបន្តផ្ទាល់មកពីទឹកដីអេស្ប៉ាញនៅវេលាម៉ោង៣ទៀបភ្លឺនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្ត និងជួយចូលរួមលើកស្ទួយប្រដាល់គុនខ្មែរជាមួយស្ថានីយ៍ទូរទស្សន៍ថោនព្រមទាំងក្រុមហ៊ុន GANZBERG ដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV, facebook page: Town Full HDTV, Town Sports និង Beer GANZBERGផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២