ភ្នំពេញ៖ ពិតជាមិនធម្មតា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះក្រុមបាល់ទាត់ចំណូលថ្មី MOI Kompong Dewa បានធ្វើឲ្យក្រុមនេះឡើងមកប្រជែងតំបន់Top 6 ក្នុងក្រុមបាល់ទាត់លីគកំពូល ដោយឆ្លងកាត់ក្រុមខ្លាំងៗជាច្រើន។


MOI Kompong Dewa ដែលជាក្រុមប្រែឈ្មោះថ្មីពីក្រុមក្រសួងមហាផ្ទៃ បន្ទាប់ពីពួកគេដណ្តើមបានចំណាត់ក្រុមកំពូលទាំង៦ ក្នុងលីគបាល់ទាត់កំពូល កម្ពុជា (Cambodian Premier League) យ៉ាងភ្ញាក់ផ្អើល។ក្រោយលីគកំពូលកម្ពុជា បញ្ចប់ដំណាក់កាលទី១ ដែលឆ្លងកាត់ការប្រកួតសរុប ២០ សប្តាហ៍ ក្រុមកំពង់ដេវ៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយបានឈ្នះ ៨ ស្មើ ៦ និងចាញ់ ៦ មាន ៣០ ពិន្ទុ។ រឿងមិននឹកស្មាន គឺក្រុមដែលសម្បូរធនធាន វិសាខា បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។
ងាកមកកាន់ក្រុម កំពង់ដេវ៉ា វិញ នៅរដូវកាលនេះ ពិតជាមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសពាក់ព័ន្ធនឹងទម្រង់លេង ចាប់តាំងពីមានការរុះរើក្រុមទ្រង់ទ្រាយធំ ក្រោយទទួលបានម្ចាស់គ្រង់គ្រងថ្មីមកពី ឥណ្ឌូណេស៊ី។ ប្រការនេះបានធ្វើឱ្យពួកគេស្ថិតនៅចំណាត់កំពូលទាំង ៦ ជាលើកដំបូង ចាប់តាំងពីលីគ កម្ពុជា ធ្វើកំណែទម្រង់ថ្មី។ចំណុចចាប់អារម្មណ៍ខ្លាំងភាពរីកចម្រើនរបស់ក្រុមមានមូលដ្ឋាននៅខេត្ត ព្រះសីហនុ មួយនេះ គឺពួកគេបាននាំយកគ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Alex Dorado មកដឹកនាំក្រុម។ លោក Alex Dorado ជាគ្រូបង្វឹកកាន់សញ្ញាបត្រគ្រូបង្វឹកកម្រិតខ្ពស់ UEFA Pro Licence។


លោកធ្លាប់មានបទពិសោធច្រើនក្នុងការដឹកនាំក្រុមបាល់ទាត់ ហើយជាពិសេសលោកថែមទាំងធ្លាប់ដឹកនាំក្រុមយុវជនរបស់ Real Madrid ទៀតផង។ ការដឹកនាំក្រុមដ៏ល្អរបស់លោក បានជួយ កំពង់ដេវ៉ា ឱ្យក្លាយជាក្រុមខ្លាំងមួយនៅរដូវកាលនេះ។ សូម្បីតែពេលការប្រកួតខ្លះ ដែលលោកប្រើកីឡាករខ្មែរសុទ្ធ ក៏មានទម្រង់លេងល្អ និងធ្វើឱ្យក្រុមខ្លាំងៗមួយចំនួនពិបាកយកឈ្នះផងដែរ។ដេវ៉ា គឺមានកីឡាករបរទេសល្អៗ។ បច្ចុប្បន្ន កំពង់ដេវ៉ា ត្រូវបានគេចាត់ទុកជាក្រុមសម្បូរធនធានមួយ ចាប់តាំងពីពួកគេមានម្ចាស់ឧបត្ថម្ភថ្មី។ កត្តានេះបានធ្វើឱ្យពួកគេមានលទ្ធភាពនាំចូលកីឡាករបរទេសល្អៗ ដែលភាគច្រើនចុះកិច្ចសន្យាមកពីក្លិបនៃលីគកំពូល ឥណ្ឌូណេស៊ី ដូចជាខ្សែការពារវ័យក្មេងរបស់ ឥណ្ឌូណេស៊ី Sulthan Zaky, ខ្សែបម្រើសញ្ជាតិ ឥណ្ឌូណេស៊ី Lotra Widiyant, អ្នកចាំទីសញ្ជាតិ ប្រេស៊ីល Dida, ខ្សែការពារសញ្ជាតិ ប្រេស៊ីល Ricardo Lim។ដោយឡែកកីឡាករ ២ រូបទៀត គឺខ្សែការពារសញ្ជាតិ ប្រេស៊ីល Mateus Barbosa មកពីលីគ កាហ្សាក់ស្ថាន និងខ្សែប្រយុទ្ធសញ្ជាតិ ប្រស៊ីល Patrick Nonato មកពីលីគទី ២ អាល់បានី។


ជាមួយគ្នានេះ បូករួមជាមួយកីឡាករខ្មែរ ដែលជាកីឡាករលេងដោយឆន្ទៈបន្ថែមទៀត ក៏បានបង្កើតជាក្រុមកំពង់ដេវ៉ាដ៏ខ្លាំងមួយ។ម្យ៉ាងទៀត គឺអ្នកគាំទ្រ ជាការពិត ក្រុម កំពង់ដេវ៉ា កាលនៅជាក្រុម ក្រសួងមហាផ្ទៃ គឺពុំសូវមានអ្នកគាំទ្រសកម្មនោះទេ ប៉ុន្តែបច្ចុប្បន្នពួកគេមានអ្នកគាំទ្រសកម្មជាច្រើន ដែលចំណុចនេះហាក់មានការផ្លាស់ប្តូរយ៉ាងច្រើន។ អ្នកគាំទ្រសកម្មរបស់ពួកគេ គឺមានការរៀបចំរចនាសម្ព័ន្ធយ៉ាងល្អ ហើយសម្លៀកបំពាក់ក៏មានការស្លៀកពាក់ស្រុះគ្នាផងដែរ។ អ្នកគាំទ្ររបស់ពួកគេបានចូលរួមគាំទ្រដល់កីឡដ្ឋានផ្ទាល់សឹងតែគ្រប់ការប្រកួត ដែលចំណុចនេះធ្វើឱ្យ កំពង់ដេវ៉ា ពីមួយប្រកួតទៅមួយប្រកួត កាន់តែមានទឹកចិត្តលេង និងប្រឹងលេងដោយឆន្ទៈ ដើម្បីយកជ័យជម្នះ។គួរឱ្យដឹង ថា ការប្រកួតដំណាក់កាលទី២ វគ្គ Top 6 នឹងចាប់ផ្តើមចុងសប្តាហ៍នេះ ដោយក្រុម កំពង់ដេវ៉ា ជួបក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦។
អ្នកគាំទ្របាល់ទាត់បានធ្វើការចាប់អារម្មណ៍ក្រោយពីក្រុមមួយនេះឡើងទៅប្រជែងតំបន់សំខាន់បានធ្វើឲ្យបាល់ទាត់លីគកំពូលកម្ពុជា កាន់តែមានការប្រកួតប្រជែងខ្ពស់ ៕

ដោយ៖ វិកគី

