ភ្នំពេញ៖ បរាជ័យរបស់ភ្នំពេញក្រោនកាន់តែផ្តល់ឱកាសបន្ថែមដល់ព្រះខ័នរាជស្វាយរៀងដ្បិតការប្រកួតសប្តាហ៍នេះក្រុមដាវខៀវបញ្ចប់ត្រឹមលទ្ធផលស្មើក៏ដោយ ។

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតនឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ ដោយត្រូវការឈ្នះតែ ២ ប្រកួតទៀតប៉ុណ្ណោះ បន្ទាប់ពីក្រុមគូប្រជែង ភ្នំពេញក្រោន ចាញ់ក្រុម ណាហ្គាវើលដ៍ ខណៈពួកគេស្មើក្រុម បឹងកេត ក្នុងការប្រកួតសប្តាហ៍ទី ២៤។

លទ្ធផលប្រកួតសប្តាហ៍ទី ២៤ របស់ក្រុមលំដាប់កំពូលទាំង ៦ នៃលីគកំពូល កម្ពុជា បានបញ្ចប់កាលពីថ្ងៃ អាទិត្យទី២២ ខែមីនា ដោយក្រុម ព្រះខ័នរាជស្វាយរៀង ស្មើគ្នាជាមួយក្រុម បឹងកេត ០-០។ ចំណែកភ្នំពេញក្រោន ចាញ់ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ០-១ និងមួយគូទៀតក្រុម អង្គរថាយហ្គើរ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-១។

ដូច្នេះ ព្រះខ័នរាជស្វាយរៀង កាន់តែកៀកមែនទែនហើយ ក្នុងការការពារជើងឯកលីគកំពូល កម្ពុជា ជាថ្មីនៅរដូវកាលនេះ បន្ទាប់ពីពួកគេនាំមុខពិន្ទុក្រុមលេខ ២ ភ្នំពេញក្រោនដល់ទៅ ១២ ពិន្ទុ។ ក្រុម ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នមាន ៥៩ ពិន្ទុ ក្រោយឆ្លងកាត់ ២៤ ប្រកួត ឈ្នះ ១៩ ស្មើ ២ និងចាញ់ ៣។ រីឯ ភ្នំពេញក្រោន វិញមាន ៤៧ ពិន្ទុ ក្រោយឆ្លងកាត់ ២៤ ប្រកួតដូចគ្នា ឈ្នះ ១៤ ស្មើ ៥ និងចាញ់ ៥។គិតត្រឹមសប្តាហ៍ទី ២៤ នេះ ការប្រកួតលីគកំពូលកម្ពុជា នៅសល់ចំនួន ៦ ប្រកួតទៀត នឹងបញ្ចប់រដូវកាល ២០២៥-២០២៦។ យ៉ាងណា បើក្រឡេកមើលពិន្ទុបច្ចុប្បន្ន ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះត្រឹមតែ ២ ប្រកួតទៀតប៉ុណ្ណោះ នឹងក្លាយជាជើងឯកលីគកំពូល កម្ពុជា ជាផ្លូវការ។

តាមលក្ខខណ្ឌាខាងលើ មានន័យ ថា ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឈ្នះ ២ ប្រកួតទៀត នោះពួកគេនឹងមាន ៦៥ ពិន្ទុក្នុងដៃ។ រីឯ ភ្នំពេញក្រោន វិញ ប្រសិនបើឈ្នះ ៦ ប្រកួតទៀត ដែលនៅសល់ គឺពួកគេនឹងមាន ៦៥ ពិន្ទុដូចគ្នា។ ដូច្នេះទោះពិន្ទុស្មើគ្នាក៏ដោយ ក៏ព្រះខ័នរាជស្វាយរៀង ជាអ្នកឈ្នះជើងឯកលីគកំពូល កម្ពុជា ដែរ ដោយសារពួកគេមានគ្រាប់បាល់ចំណេញលើស ភ្នំពេញក្រោន។

អ្នកគាំទ្រភាគច្រើននៅតែដាក់ក្តីរំពឹងលើព្រះខ័នរាជស្វាយរៀងខណៈដែលកីឡាករបរទេសរបស់ក្លឹបមួយនេះសុទ្ធតែល្អៗ៕

ដោយ៖ វិកគី

