ជប៉ុនផ្ដល់ឥណទានហិរញ្ញប្បទាននូវទំហំទឹកប្រាក់៤៦លានដុល្លារសម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណជា ៤៦.០០០.០០០ ដុល្លារអាមេរិក។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះបានឱ្យដឹងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្ដាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។គម្រោងនេះនឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញប្រឆាំងនឹងការជន់លិច ដោយ បង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

  

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២