ក្រសួងបរិស្ថាន៖ គុណភាពទឹកទន្លេមេគង្គនៅតែមានស្ថានភាពល្អ

ភ្នំពេញ៖ ការត្រួតពិនិត្យគុណភាពទឹកជាប្រចាំនៅតាមបណ្តោយទន្លេមេគង្គ មានស្ថានភាពនៅតែស្ថិតក្នុងកម្រិត «ល្អ»​នៅអំឡុង​ត្រីមាស​ទីមួយ​នៃឆ្នាំ២០២៦។ ក្រសួងបរិស្ថានបានធ្វើការវាយតម្លៃគុណភាពទឹកប្រចាំខែនៅតាមទីតាំងតាមដាន ត្រួតពិនិត្យចំនួន១១ ទីតាំង ដោយ​ការអនុវត្ត​សហកា​រ​ជាមួយមន្ទីរបរិស្ថានខេត្ត និងរាជធានីនៅតាមបណ្តោយ​ទន្លេមេគង្គ​រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។

ក្រសួងបរិស្ថានបានឱ្យដឹងថា ការវាយតម្លៃនេះផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើ​ដើម្បីវាយតម្លៃគុណភាពទឹកសម្រាប់ការពារសុខភាពសារធារណៈ រួមមាន៖ pH អុកស៊ីសែនរលាយក្នុងទឹក (DO),សារធាតុរឹងសរុប (TSS), អុកស៊ីសែនជីវគីមី (BOD), អុកស៊ីសែនគីមី (COD), អាសូត (TN), ផូស្វ័រ (TP), អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម (Cd), ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+),សំណ (Pb) និងបារត (Hg)។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត “ល្អ” នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ។ ការរកឃើញនេះបានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតក្នុងកម្រិតអនុឡោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។ ក្រសួងបរិស្ថានបានបញ្ជាក់ថា ការត្រួតពិនិត្យជាប្រចាំនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការ​រកឃើញដំបូងនៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់កា​រគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត។

ទិន្នន័យលម្អិត និងការបកស្រាយបច្ចេកទេសត្រូវបានចងក្រងសម្រាប់ជាឯកសារយោងនាពេលអនាគត។ ជាមួយគ្នានេះក្រសួងបរិស្ថានបានធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការចុះពិនិត្យ និងការអនុវត្តន៍តាមដានគុណភាពទឹកទន្លេមេគង្គជាបន្ត និងពង្រឹងលើកិច្ចសហប្រតិបត្តិការ​ជាមួយស្ថាប័ន​ពាក់ព័ន្ធផងដែរ៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២