សាកសមជាគូរដណ្ដើមខ្សែក្រវ៉ាត់ពិតមែន ជំនួបប្រកួតរវាងកីឡាករធន់ ចំណាប់ និងសៀន សេងហួរម្សិលម៉ិញ ឡើងកក្រើកស្ថានីយ៍ទូរទស្សន៍ថោន

ភ្នំពេញ៖ ពិតជាសាកសមក្នុងជំនួបប្រកួតបណ្ដើមខ្សែក្រវ៉ាត់វគ្គផ្តាច់ព្រ័ត្រមែន ការប្រកួតយ៉ាងតានតឹង ស្វិតស្វាញ ប្រាំទឹកពេញជក់ចិត្ត ដិតអារម្មណ៍ តាំងពីទឹកទី 1 ដល់ទឹកទី 5 ទស្សនាមិនជិនណាយឡើយ។ការប្រកួតរវាងកីឡាករធន់ ចំណាប់ ជាមួយសៀន សេងហួរ បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវឡើងកងរំពងពេញស្ទូឌីយោ ធ្វើឱ្យគណៈអធិបតីញញឹមបិទមាត់មិនជិត ដោយសារតែពេញចិត្តនូវការប្រកួតនេះខ្លាំងពេក ។

ក្នុងការប្រកួតកីឡាករទាំងពីរបានបញ្ចេញអាវុធ ឬក្បាច់អស់ វាយមិនលាក់ទុកឡើយ ហេតុតែចង់ឈ្នះបានកាន់ខ្សែក្រវ៉ាត់លំដាប់ពិភពលោក ។ កីឡាករសៀន សេងហួរ  ជាអ្នកដែលផ្ដើមឲ្យមានកម្តៅមុន ដោយរូបគេបានសម្រុកវាយតាំងពីទឹកទីមួយ និងទឹកពីរ ធ្វើឱ្យចំណាប់បែកលោហិត ប៉ុន្តែមិនព្រមបោះបង់។

 

ចូលមកដល់ទឹកទី 3 កីឡាករសៀន សេងហួរ ហាក់មានការថមថយកម្លាំង ស្របពេលដែលចំណាប់ ចាប់បានចំណុចខ្លាំង និងខ្សោយ ក្រោយពីការស្ទាបស្ទង់ក្នុងទឹកទី១នឹងទឹកទី២ ក៏ស្រាប់តែប្រែមកវាយបានយ៉ាងល្អវិញ ធ្វើឲ្យការប្រកួតហាក់មានការផ្លាស់ប្ដូរ90ដឺក្រេ ។

នៅក្នុងទឹកទី 4 និងទឹកទី 5 កីឡាករទាំងពីរនៅតែបន្តការវាយគ្នាទៅវិញទៅមក ហើយចំណាប់ធ្វើបានល្អច្រើន និងវាយឲ្យកីឡាករសៀន សេងហួរដួលតាមបច្ចេកទេសភាពវ័យឆ្លាតរបស់ខ្លួនដើម្បីទទួលបានពិន្ទុ រហូតបញ្ចប់ 5 ទឹកពេញនូវការប្រកួតដណ្ដើមខ្សែក្រវ៉ាត់។

គណៈកម្មការរៀបចំការប្រកួតប្រដាល់គុនខ្មែរបានធ្វើការប្រកាសលទ្ធផល ដោយជ័យជំនះបានទៅលើកីឡាករធន់ ចំណាប់ ដែលជាសិស្សរបស់លោកធន់ សុភា  ក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់Cambodiaas Fight IPCC គុនខ្មែរ លំដាប់ពិភពលោក ព្រមជាមួយនឹងប្រាក់រង្វាន់ឧបត្ថម្ភចំនួន 40លានរៀល ពីក្រុមហ៊ុនខ្មែរប៊ែរវើរីជីសតាមរយៈលោក អឹង វីរៈ អគ្គនាយកក្រុមហ៊ុន បានមកចូលរួមទស្សនាផ្ទាល់ ជាមួយនឹងលោក Va John អគ្គនាយកបន្តវេនក្រុមហ៊ុនថោនគ្រុប ។

គួរជម្រាបផងដែរថា ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់ កាលពីម្សិលម៉ិញនេះមានគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយគូទៀតក្រៅពីគូនេះគឺការប្រកួត រវាងកីឡាករពេជ្រ សម្បត្តិ ជាមួយនឹងកីឡាករ ម៉ុងហ្គោលី ក្រោយការប្រកួតយ៉ាងតានតឹង សម្បត្តិក៏ក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់មួយខ្សែទៀត ក្នុងការប្រកួតយ៉ាងកក្រើកដូចគ្នា ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២