អាជ្ញាធរ​ខណ្ឌច្បារអំពៅ​ចុះត្រួតពិនិត្យ​រដ្ឋបាលរកឃើញ២ខ្នងផ្ទះ​ នៅបុរីសុង ឃុន និងជនជាតិចិន​ ១១នាក់​ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)នៅសង្កាត់វាលស្បូវ​

ភ្នំពេញ​៖​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌ​ច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦នេះ​ ចុះត្រួតពិនិត្យ​រដ្ឋបាល ឃើញ​ជនបរទេសស្នាក់នៅ​ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន​០២ខ្នងផ្ទះ​ នៅបុរីសុង ឃុន ស្ថិតក្នុងភូមិ​ស្វាយតាអុក សង្កាត់វាលស្បូវ​ រកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនឹងវត្ថុតាងមួយចំនួន។​

បច្ចុប្បន្ន​ទាំង​មនុស្ស​ និង​សម្ភារត្រូវ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​។

សូមជម្រាបជូនផងដែរថា​ នេះគឺជាការអនុវត្តន៍តាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២