ឈ្លោះគ្នាប្តីប្រពន្ធ គ្រាន់តែអ្នកជិតខាង ស្រែកថា “ថ្លង់ណាស់រកដេកពួកមិនបាន” ក៏ទៅចាក់សម្លាប់ រត់បានពីរថ្ងៃ នៅតែជាប់ខ្នោះសមត្ថកិច្ច

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានចាក់សម្លាប់អ្នកជិតខាង គ្រាន់តែ អ្នកជិតខាងដែលជាជនរងគ្រោះ ស្រែកថា “ថ្លង់ណាស់រកដេកពួកមិនបាន” ក្នុងពេលដែលជនសង្ស័យ បង្កជម្លោះជាមួយប្រពន្ធ ទាំងកណ្តាលយប់។ ក្រោយធ្វើសកម្មភាព ជនសង្ស័យ រួចរត់គេចខ្លួនបាន២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បើតាមលោក សុំ សំអុល អធិការនគរបាលស្រុករមាសហែក ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លោកបានសហការជាមួយនគរបាលប៉ុស្ត៍រដ្ឋបាល ធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យបានហើយ កាលពីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនសង្ស័យ ឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ចំណែកជនរងគ្រោះមានឈ្មោះ តូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីចាត់ការបន្តតាមច្បាប់។

សូមរំលឹកថា បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ ដោយសារត្រូវជនសង្ស័យរស់នៅក្បែផ្ទះគ្នា មានជម្លោះជាមួយប្រពន្ធ ហើយត្រូវបានជនរងគ្រោះស្រែកថាថ្លង់ណាស់រកដេកពួនមិនបាន ទើបបង្កជាហិង្សារចាក់ផ្អើលទាំងយប់តែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២