រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើង “អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង” នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់ធនាគារជាតិនៃកម្ពុជា ដឹកនាំរៀបចំដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក ប្លែស គឺលីយ៉ង់ សហប្រធាន សារមន្ទីរ ស.ស.រ.។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា, ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។


ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១) បង្ហាញពីការវិវឌ្ឍនៃវាក្យសព្ទសេដ្ឋកិច្ច និងរូបិយវត្ថុ៖ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងការរីកចម្រើននៃភាសាខ្មែរ ក្នុងការបង្កើត និងបង្កើតថ្មីនូវពាក្យបច្ចេកទេសក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ តាមរយៈអន្តរកម្មជាមួយភាសាបារាំង រហូតមកដល់បច្ចុប្បន្ន។


២) ការអប់រំ និងការស្រាវជ្រាវបែបប្រវត្តិសាស្ត្រ៖ ផ្តល់ជាប្រភពចំណេះដឹង និងការយល់ដឹងជាសាធារណៈ ជាពិសេសសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ឱ្យបានយល់ដឹងពីរបៀបដែលភាសាទាំងពីរបានជះឥទ្ធិពល និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងបរិបទនយោបាយ សង្គម និងពាណិជ្ជកម្ម។
៣) ការអបអរសាទរចំណងមិត្តភាព និងវប្បធម៌៖ ចូលរួមចំណែកក្នុងការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ព្រមទាំងការគាំទ្រដល់សហគមន៍និយាយភាសាបារាំង (Francophonie)៕


