ក្រសួងសាធារណការ និងក្រសួងរ៉ែ និងថាមពលចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យនៅតាមបណ្តាញផ្លូវសាធារណៈ

រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរ៉ែ និងថាមពល ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានោះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងទាំង២ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។

បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ពិធីចុះអនុស្សរណៈ នាពេលនេះមានគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់តាមបណ្តាញផ្លូវថ្នល់៕

  

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២