សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។


សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀត្រូវបានបង្កើតឡើងរយៈពេល ២០ឆ្នាំ ហើយសាកលវិទ្យាល័យបានចូលរួមបណ្តុះបណ្តាលនិស្សិតសរុបចំនួន ៨ ៨៨៨នាក់ (នារី ៤ ៥៩៧នាក់) ក្នុងនោះគិតចាប់ពីឆ្នាំសិក្សា២០១២-២០១៣ សាកលវិទ្យាល័យ បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ៣៤១កន្លែង តាមរយៈអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់និស្សិតមកពីគ្រួសារក្រីក្រ និងខ្វះលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
ដោយឡែកសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយត្រូវទទួលសញ្ញាបត្រនាឱកាសនេះ មានចំនួនសរុប ១ ៥០០នាក់ នារី ៩៣២នាក់ ក្នុងនោះមាន កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញដូចជា គណនេយ្យនិងសវនកម្ម, គ្រប់គ្រង, ម៉ាឃីតធីង, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច, ព័ត៌មានវិទ្យា, ស្ថាបត្យកម្ម, គណិតវិទ្យា, នីតិសាស្រ្ត, រដ្ឋបាលសាធារណៈ, ការបង្រៀនភាសាអង់គ្លេស និងអក្សរសាស្រ្តខ្មែរ។


ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក មនុស្សគឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងធំទូលាយជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ដស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱកាសនូវការអនុវត្តសក្ដានុពលផលលាភវិទ្យាសាស្រ្ដកម្ពុជាកំពុងតែមាន។
គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះ បណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង សកលលោក៕

ដោយ៖ វិចិត្រ

